(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក គឹម រស្មី អគ្គលេខាធិការរងក្រសួងការពារជាតិ ទទួលបន្ទុកការងារ មជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ បានញ្ជាក់ថា មេដឹកនាំដែលយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺន គឺជាមេដឹកនាំដែលគិតគូពីសមត្ថភាពកងទ័ព ដែលជាអាវុធការពារជាតិ ដ៏មានប្រសិទ្ធភាព។
ការបញ្ជាក់បែបនេះរបស់ ឧត្តមសេនីយ៍ឯក គឹម រស្មី បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាតំណាងនាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការក្រសួងការពារជាតិ ក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយសកម្មភាពការណ៍ថ្មីៗ វគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងឋានលេខា ឆ្នាំ២០២០ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ។
លោកឧត្តមសេនីយ៍ឯក គឹម រស្មី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មេដឹកនាំដែលយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺន គឺជាមេដឹកនាំដែលគិតគូពីសមត្ថភាពកងទ័ព សមត្ថភាពកងទ័ព គឺជាអាវុធការពារជាតិ ដ៏មានប្រសិទ្ធភាព»។
ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ គឹម រស្មី បានឱ្យដឹងថា សម្រាប់រយៈពេល៩ខែ ឆ្នាំ២០២០ ការងារបណ្តុះបណ្តាល និងហ្វឹកហ្វឺនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកងសាងធនធានមនុស្ស ស្របតាមផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ ដែលជាវិស័យអទិភាពមួយក្នុងចំណោមវិស័យអទិភាពទាំងបួន នៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។
នាយទាហានជាន់ខ្ពស់ក្រសួងការពារជាតិរូបនេះ បានបន្តថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់ច្បាស់ថា ក្នុងបណ្តាលឆ្នាំខាងមុខ ភាពតានតឹងការប្រឈមនឹងការប្រកួតប្រជែងបច្ចុប្បន្ន និងបន្តវិវត្តន៍ក្នុងលក្ខណៈលំបាកស្មុគស្មាញពិបាកប៉ាន់ស្មានបាន តាមទិសមិនប្រាកដប្រជាទាំងលើវិស័យនយោបាយ សេដ្ឋកិច្ច យោធា និងសន្តិសុខ។ ភាពប្រឈមធំៗ ជាសកលដូចជា៖ ការប្រែប្រួលអាកាសធាតុ ភេរវកម្ម បញ្ហាជនភៀសខ្លួន ឧក្រិដ្ឋកម្មតាមប្រព័ន្ធព័ត៌មានវិទ្យា ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ពាក់ព័ន្ធនឹងសមត្ថភាពរបស់កងទ័ពនេះដែរ ឧត្តមសេនីយ៍ឯក បានបន្ថែមថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យានេះ បានជំរុញល្បឿនស្វ័យប្រវត្តិកម្ម ដែលអាចជំនួយ ជំនួសដល់កម្លាំងមនុស្ស។ ដោយអត្ថប្រយោជន៍នៃកត្តាទាំងនេះ ទើបរាជរដ្ឋាភិបាលអាណត្តិទី០៦ បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងបន ្តផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាពទាំង៤ ក្នុងនោះវិស័យអាទិភាពទី១ មនុស្ស ផ្លូវ ទឹក ភ្លើង ដោយតម្កល់ «មនុស្ស» ជាអាទិភាពទី១ លើគេ។
ឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ថា ការងារបណ្តុះបណ្តាលហ្វឹកហ្វឺន និងបំប៉ននាយទាហាន យោធាចារ្យ សាស្ត្រចារ្យ និស្សិត សិក្ខាកាមនាពេលកន្លងមក និងពេលនេះ គឺជាតម្រូវការចាំបាច់របស់កងយោធពលខេមរភូមិន្ទ ក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ ការអភិវឌ្ឍនាយទាហានបន្តវេន ដែលជាគន្លឹះសម្រាប់ខឿនការពារជាតិ ការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីបង្កលក្ខណៈឱ្យប្រជាជនរស់នៅដោយសុខសាន្ត និងសុវត្ថិភាពទាំងក្នុងពេលចំពោះមុខ និងសម្រាប់អនាគតរយៈពេលយូរអង្វែង។
ទន្ទឹមនឹងនេះដែរ ឧត្តមសេនីយ៍ឯក គឹម រស្មី បានបញ្ជាក់បន្ថែមថា ឈរលើគោលការណ៍កំពុងឆ្លងកាត់ដំណាក់កាលប្រែប្រួលដ៏ជ្រាលជ្រៅ មិនប្រាកដប្រជា និងស្មុគស្មាញនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល គឺជាស្ថាប័នមួយមានតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ និងជាមជ្ឈមណ្ឌលតម្រង់ទិសទស្សនាននយោបាយការពារជាតិ ទាមទារយកចិត្តទុកដាក់សិក្សាស្រាវជ្រាវប្រមែប្រមូលព័ត៌មានទាក់ទងទៅនឹងវិស័យការពារជាតិ យុទ្ធវិធី ប្រតិបត្តិការ យុទ្ធសាស្ត្រ សម្រាប់បំប៉ន និងបណ្តុះបណ្តាលនាយទាហាន នាយទាហានរង សិក្ខាកាមតាមសេចក្តីត្រូវការរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ទៅនឹងការវិវត្តន៍រីកចម្រើននៅក្នុងសង្គមនាពេលបច្ចុប្បន្ន និងទៅអនាគត។
នាឱកាសនោះដែរ ឧត្តមសេនីយ៍ឯក គឹម រស្មី ក៏បានក្រើនរំឮកដល់នាយទាហាន យោធាចារ្យ សិក្ខាកាម នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល កងយោធពលខេមរភូមិន្ទ ត្រូវលើកកម្ពស់គោរព និងអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់របស់រដ្ឋ និងច្បាប់ស្តីពីលក្ខន្តិក់ទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ពិសេសអនុវត្តឱ្យមានប្រសិទ្ធភាពនូវអភិក្រមទាំង៥ «ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់» បាវចនា២របស់សម្តេចតេជោ ហ៊ុន សែន «កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ»៕