(សៀមរាប)៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាជាតិអប្សរា បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋមរយៈពេលមួយខែ ចាប់ពីខែតុលាដល់ខែវិចិ្ឆកា ឆ្នាំ២០២០ ដល់សិក្ខាកាមចំនួន ១២០នាក់ មកពីនាយកដ្ឋានគ្រប់គ្រងទឹក នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការ និងនាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌ និងបរិស្ថាន។
វគ្គបណ្តុះបណ្តាលនេះបង្រៀនដោយមន្ត្រីជំនាញផ្នែកវិជ្ជាសង្គ្រោះបឋម ប្រចាំសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងគ្រូបង្គោលវិជ្ជាសង្គ្រោះបឋមជំនាន់ទី១ នៃអាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង និងកសាងសមត្ថភាពបុគ្គលិក ភ្នាក់ងារ និងពលករនៃអាជ្ញាធរជាតិអប្សរា ដែលកំពុងបំពេញការងារនៅតាមការដ្ឋាន តំបន់ប្រាសាទ និងក្នុងព្រៃ ដើម្បីបង្ការ និងសង្គ្រោះភ្ញៀវទេសចរ មនុស្សជុំវិញខ្លួនពីគ្រោះថ្នាក់ជាយថាហេតុណាមួយ ដែលអាចនឹងកើតមានឡើងនៅពេលបំពេញការងារ។
កញ្ញា ហ៊រ រិទ្ធារី ប្រធានស្តីទីមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរឱ្យដឹងថា រយៈពេលមួយខែ នៃវគ្គបណ្តុះបណ្តាលនេះរៀបចំឡើងចំនួន ៦វគ្គ ក្នុងមួយវគ្គមានសិក្ខាកាមចំនួន ២០នាក់ មកពីនាយកដ្ឋានគោលដៅបំពេញការងារសំខាន់ៗក្នុង និងក្រៅតំបន់អង្គរ។
មេរៀនសំខាន់ៗមានតួនាទីអ្នកសង្គ្រោះ គោលការណ៍គ្រឹះ ស្ថានភាពដំណេក សន្លប់ CPR ស្លាក់ លង់ទឹក គ្រោះថ្នាក់ចរាចរណ៍ ការពុល ប្រកាច់ ពស់ចឹក ឆ្កែខាំ របួស ការហូរឈាមគ្រប់ប្រភេទ ការឃាត់ឈាម ការបាក់ឆ្អឹង ការដឹកជញ្ជូន និងករណីផ្សេងៗទៀត។ វគ្គបណ្តុះបណ្តាលនេះ ក៏អនុវត្តន៍ដោយគោរពទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការជំងឺកូវីដ១៩ដែរ ដើម្បីសុវត្ថិភាពរបស់ក្រុមការងារគ្រប់គ្នា។
លោក លិវ ឡន មន្ត្រីជំនាញផ្នែកវិជ្ជាសង្គ្រោះបឋមប្រចាំសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានបញ្ជាក់ថា នេះជាលើកទី៥ហើយ ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានសហការជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ រៀបចំវគ្គនេះឡើង។
នេះជាគំនិតដ៏ល្អបំផុត ដើម្បីរួមចំណែកផ្តល់ចំណេះដឹងដល់សិក្ខាកាមទៅតាមចំណេះនិងជំនាញដែលខ្លួនមាន ដើម្បីឱ្យពួកគាត់យកទៅផ្សព្វផ្សាយបន្ត និងប្រើប្រាស់នូវចំណេះដឹងទាំងនេះឱ្យមានប្រយោជន៍ក្នុងការជួយសង្គ្រោះខ្លួនឯង និងមនុស្សជុំវិញខ្លួនប្រកបដោយប្រសិទ្ធិភាពខ្ពស់៕