(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឲ្យលោជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នាំយកថវិកាចំនួន ១ម៉ឺនដុល្លារ ផ្ដល់ជូនដល់អង្គការគ្រួសារថ្មី ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍ ២៥ឆ្នាំ របស់ខ្លួន ដែលប្រព្រឹត្តទៅនៅ ថ្ងៃទី ១៧-១៩ ខែកុម្ភៈ ឆ្នាំ ២០១៦ ខាងមុខនេះ ដែលពិធីនេះរៀបចំឡើង នៅសាលាកុមារពិការភ្នែក និងកុមារគ-ថ្លង់ភ្នំពេញថ្មី ក្នុងគោលបំណងបង្ហាញពីការប្តេជ្ញាអស់ពីកម្លាំងកាយ-ចិត្តរបស់អង្គការ ដែលកន្លងមក បានធ្វើសមាហរណកម្មកុមារទីទ័លក្រទៅក្នុងសង្គមកម្ពុជា ។ ពិធីនេះមានការចូលរួម ពីកុមារដែលរស់នៅក្នុងអង្គការគ្រួសារថ្មីទាំងអស់សរុបប្រមាណចំនួន ១,៣៣០នាក់ ហើយការជួបជុំគ្នានេះ ក្នុងន័យបង្កើនសាមគ្គីភាពក្នុងស្មារតីជាគ្រួសារតែមួយ ។
ក្នុងពិធីសំណេះសំណាលនេះដែរ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ សេចក្ដីនឹករលឹក និងសេចក្ដីអាណិតស្រឡាញ់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះក្មួយៗដែលរស់នៅក្នុងអង្គការគ្រួសារថ្មីទាំងអស់ ហើយសម្តេចប្រធាន តែងតែលើកទឹកចិត្តឱ្យក្មួយៗ ទាំងអស់ខិតខំយកចិត្តទុកដាក់រៀនសូត្រ ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិនាពេលអនាគត និងសូមជូនពរដល់អង្គការ ឱ្យទទួលបានជោគជ័យក្នុងភារកិច្ចរបស់ខ្លួន ដើម្បីបន្តជួយកុមារដល់ កុមារកម្ពុជា ដែលខ្វះលទ្ធភាពឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីភាពរីកចម្រើន នៃសង្គមជាតិកម្ពុជាទាំងមូល។
លោក អូរៃ អូន ដែលជាអគ្គនាយកអង្គការគ្រួសារថ្មី បានថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ ដើម្បីគាំទ្រកម្មវិធីប្រារព្ធខួប ២៥ឆ្នាំ នេះ ហើយមិនតែប៉ុណ្ណោះ សម្តេច ជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះកុមារកម្ពុជាទូទៅដែលខ្វះលទ្ធភាព ដោយមិនរើសអើង ជាពិសេសគឺកុមារពិការភ្នែក កុមារគថ្លង់ និងកុមារកំព្រា នេះឯង ។
សូមបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភថវិកា និងគ្រឿងឧបភោគ បរិភោគ រួមទាំងសម្ភារប្រើប្រាស់ ដល់អង្គការនេះជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១២ រហូតមក ៕