(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២០នេះ រាជធានីភ្នំពេញ ទទួលបានគម្រោងសាងសង់សំណង់ថ្មីប្រមាណជាង១០០០គម្រោង លើផ្ទៃដីក្រឡាសំណង់សរុបជាង០៥លានម៉ែត្រក្រឡា ដែលមានទំហំទឹកប្រាក់វិនិយោគជាង២.៣ពាន់លានដុល្លារ។ នេះជាការបញ្ជាក់របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ការបញ្ជាក់បែបនេះរបស់ លោក ឃួង ស្រេង ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្សារទំនើបអ៉ីអន ម៉ល គម្រោងទី៣ ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ស្ថិតក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី០៧ តុលា ឆ្នាំ២០២០នេះ។
លោក ឃួង ស្រេង បានថ្លែងថា ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជានាពេលបច្ចុប្បន្ន ដែលកាលពីមុនល្បីថា ជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចំការមីន ជាទីក្រុងខ្មោច ដែលគេភ័យខ្លាចគ្រប់គ្នា ឥឡូវបានប្រែក្លាយទៅជាប្រទេសមួយ រាជធានីមួយដែលមានសន្តិសុខពេញលេញ ជាមជ្ឈមណ្ឌលផលិត និងចែកចាយទំនិញ ជាបណ្ដុំនៃការរស់នៅប្រកប ដោយប្រណិតភាព និងជាតំបន់ទេសចរណ៍ដ៏រស់រវើក ដែលបង្ហាញឲ្យឃើញតាមរយៈវត្តមានទីក្រុងរណបអាគារពាណិជ្ជកម្មសំណង់បុរី ខុនដូ និងផ្សារទំនើប ត្រូវបានសាងសង់ឡើង ជាបន្តបន្ទាប់។
លោកអភិបាលបញ្ជាក់ថា រាជធានីភ្នំពេញមានសំណង់បុរីចំនួន២៦៣កន្លែង និងអាគារខ្ពស់ចំនួន១៤២៤អគារ ហើយក្នុងនោះរយៈពេល០៩ខែ ឆ្នាំ២០២០នេះ យើងបន្តទទួលបានគម្រោងសាងសង់ថ្មី ចំនួន១០២០គម្រោង លើផ្ទៃដីសំណង់សរុបជាង៥លានម៉ែត្រក្រឡា ដែលមានទំហំទឹកប្រាក់វិនិយោគប៉ាន់ស្មានជាង ២.៣ពាន់លានដុល្លារអាមេរិកបន្ថែមទៀត ធ្វើឲ្យរាជធានីភ្នំពេញ កាន់តែមានភាពស្រស់បំព្រងមិនចាញ់បណ្ដាលទីក្រុង នៃប្រទេសក្បែរខាង និងតំបន់អាស៊ីអាគ្នេយ៍ឡើយ។
លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងទៅនេះ ផ្ដើមចេញពីកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូរវាងរដ្ឋ និងឯកជនប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ០៦ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេ នៅលើពិភពលោក តាមរយៈការសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាមធ្យម ០៧ភាគរយក្នុងមួយឆ្នាំ ទន្ទឹមនឹងការកើនឡើងនូវផលិតផលក្នុងស្រុកសរុប សម្រាប់ប្រជាជនកម្ពុជាម្នាក់ៗ ពីប្រមាណជា៧៣៨ដុល្លារ នៅឆ្នាំ ២០០៨ ដល់ ១៧០៦ដុល្លារនៅឆ្នាំ ២០១៩ និងកំពុងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសចំណូលខ្ពស់នៅពេលអនាគត។
លោក ឃួង ស្រេង បានបន្តទៀតថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន អ៉ីអន ម៉ល ខេមបូឌា ខូ អិលធីឌី ដែលបានបណ្ដាក់ទុនបន្ថែមសាងសង់ជាផ្សារទំនើប គម្រោងទី០៣ នៅរាជធានីភ្នំពេញនាពេលនេះ គឺជាការសម្រេចចិត្ត វិនិយោគដ៏ត្រឹមត្រូវ ព្រោះថា ផ្អែកតាមប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ត្រូវបានកំណត់ថា ជាតំបន់អភិវឌ្ឍន៍ថ្មី សម្រាប់ទទួលបានគម្រោងសំណង់អគារខ្ពស់ៗ ស្ថាបត្យកម្មប្រណិតប្រណិត និងការអភិវឌ្ឍន៍ទីក្រុងរណប ដើម្បីធានាដល់ការប្រើប្រាស់ដីធ្លី និងសក្កានុពលដែលមានស្រាប់ ក្នុងទីក្រុងប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោក ម៉ាសាហ៉ីរ៉ូ មិកាមិ (MASAHIRO MIKAMI) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា ផ្សារទំនើបអ៉ីអន ម៉ល
ជាក្រុមហ៊ុនរបស់ជប៉ុន បានដាក់ទុនរកស៊ីនៅស្រុកខ្មែរ ហើយតាមរយៈអ៉ីអន ម៉ល ទី១ និងទី២ ក្នុង១ខែៗ ផ្សារទំនើបនីមួយៗ បានទទួលអតិថិជនបានប្រមាណ១លាននាក់។
លោកក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវី-១៩ វាពិតណាស់ថា បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច មិនដូច ការរំពឹងទុករបស់យើងនោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមហ៊ុនជប៉ុនមួយនេះ នៅតែបន្តនូវគម្រោងទី០៣របស់ខ្លួន នៅក្នុងការកសាងនៅផ្សារទំនើបអ៉ីអន ម៉លគម្រោងទី៣នេះថែមទៀត។
លោកជឿជាក់ថា គម្រោងកសាងផ្សារទំនើបអ៉ីអន ម៉ល គម្រោងទី៣នេះ គ្រោងនឹងរួចរាល់នៅក្នុងឆ្នាំ២០២២ ហើយក្រោយពីបើកឲ្យដំណើរការ វានឹងមានអតិថិជនប្រមាណជា១២លាននាក់ក្នុងមួយឆ្នាំ៕