(អេស្ប៉ាញ)៖ អង្គការទេសចរណ៍ពិភពលោក (UNWTO) បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២០ និងបានផ្សព្វផ្សាយខ្លឹមសារនៃសារលិខិតនេះនៅលើគេហទំព័រផ្លូវការរបស់ខ្លួនតែម្ដង។
ការផ្សព្វផ្សាយសារលិខិតរបស់នាយករដ្ឋមន្ត្រីកម្ពុជានៅលើគេហទំព័រ UNWTO នេះ បានធ្វើឡើងចាប់ពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ខណៈកម្ពុជាបានចាត់ទុកកាយវិការនេះថា បានឆ្លុះបញ្ចាំអំពីការយកចិត្តទុកដាក់របស់ប្រមុខដឹកនាំកំពូលៗ នៃប្រទេសសមាជិកអង្គការទេសចរណ៍ពិភពលោក លើតួនាទីដ៏សំខាន់នៃវិស័យទេសចរណ៍ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ-១៩។
អង្គការទេសចរណ៍ពិភពលោក ក៏បានរំលេចអំពីកិច្ចខិតខំរបស់កម្ពុជា ក្នុងការយកចិត្តទុកដាក់អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងអនាម័យផ្សេងៗ ជាពិសេសតួនាទីរបស់ ក្រសួងទេសចរណ៍កម្ពុជា។
អង្គការទេសចរណ៍ពិភពលោកបានបញ្ជាក់ថា ក្រោមការដឹកនាំកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ានក្នុងអាណត្តិ ឆ្នាំ២០២០ និងជាប្រធានវេទិកាទេសចរណ៍ពិភពលោក ឆ្នាំ២០២១ ក្រសួងទេសចរណ៍កម្ពុជាបានរៀបចំកិច្ចការជាប្រយោជន៍រួមជាច្រើន រួមមាន៖
១៖ គំនិតផ្ដួចផ្ដើមបង្កើតឱ្យមានបែបផែននៃការធ្វើដំណើរក្នុងតំបន់អាស៊ាន ប្រកបដោយសុវត្ថិភាព និងលក្ខខណ្ឌជាក់លាក់ (ASEAN TRAVEL BUBBLE)។
២៖ ដឹកនាំរៀបចំបង្កើតវិធានសុវត្ថិភាព និងអនាម័យអាស៊ាន។
៣៖ ដឹកនាំរៀបចំបង្កើតផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍អាស៊ាន បន្ទាប់ពីវិបត្តិកូវីដ-១៩ ដោយកម្ពុជាបាននិងកំពុងផែនទីចង្អុលផ្លូវ សម្រាប់ស្ដារវិស័យទេសចរណ៍ឡើងវិញផងដែរ។
គួរជម្រាបថា ទិវាទេសចរណ៍ពិភពលោក តែងត្រូវបានប្រារព្ធធ្វើឡើងដោយសមាជិកអង្គការទេសចរណ៍ពិភពលោក (UNWTO) នៅថ្ងៃទី២៧ ខែកញ្ញា ឬក្រោយថ្ងៃនេះ ដើម្បីផ្សព្វផ្សាយអំពីទស្សនវិស័យអនាគតនៃវិស័យទេសចរណ៍ក្នុងទិសដៅជាក់លាក់ ដើម្បីចូលរួមចំណែកដល់កាសម្រេចបាននូវរបៀបវារៈពិភពលោក។
សម្រាប់ឆ្នាំ២០២០នេះ ទិវាទេសចរណ៍ពិភពលោក ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ទេសចរណ៍ និងការអភិវឌ្ឍជនបទ» ដោយផ្តោតជាពិសេសលើវិធីសាស្រ្តក្នុងការចាប់ផ្តើមវិស័យទេសចរណ៍ឡើងវិញ និងកែប្រែសក្តានុពលទេសចរណ៍ជាចលករសម្រាប់ភាពរឹងមាំ និងការទទួលខុសត្រូវកាន់តែប្រសើរទៅថ្ងៃអនាគត។
ក្រសួងទេសចរណ៍បានប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកនេះ នៅខេត្តសៀមរាប កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០។ នៅក្នុងពីធីនេះ មន្ត្រីជំនាញសហគមន៍ទេសចរណ៍ ព្រមទាំងតំណាងប្រជាពលរដ្ឋ បានបង្ហាញការគាំទ្រលើការអភិវឌ្ឍទេសចរណ៍ជនបទ ដើម្បីពង្រឹងសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរឹងមាំ ព្រមទាំងអបអរសាទរនូវសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍវិស័យទេសចរណ៍ នាំមកនូវវិបុលភាព និងឱកាសថ្មីៗដល់ពលរដ្ឋគ្រប់រូប។
អង្គពិធីទាំងមូលបានប្តេជ្ញាអនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន តាមរយៈសារលិខិតអបអរសាទរ និងបានគាំទ្រវិធានអនុវត្តដូចតទៅ៖
ទី១៖ ប្រតិបត្តិករទេសចរណ៍ សហគមន៍ទេសចរណ៍ ត្រូវសហការជាមួយអាជ្ញាធរសុខាភិបាល និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត បន្តអនុវត្តវិធានសុវត្ថិភាព និងអនាម័យបន្ថែមទៀត ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសធានាឲ្យបានដាច់ខាតមិនឲ្យមានការឆ្លងក្នុងសហគមន៍ សំដៅដើម្បីកសាងទំនុកចិត្ត និងភាពជឿជាក់ (Trust and Confidence) ពីភ្ញៀវទេសចរ ដែលជាស្នូលនៃការចាប់ផ្តើមឡើងវិញនូវវិស័យទេសចរណ៍។
ទី២៖ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍ ស្ថាប័នពាក់ព័ន្ធ រៀបចំផែនការអភិវឌ្ឍទេសចរណ៍ជនបទថែមទៀត ឆ្លើយតបនឹងនិន្នាការទេសចរណ៍ថ្មីៗជាសាកល ក៏ដូចជាការកើនឡើងទេសចរក្នុងស្រុក។
ទី៣៖ សហគមន៍ទេសចរណ៍ដែលកំពុងដំណើរការ ត្រូវយកចិត្តទុកដាក់បង្កើតផលិតផលថ្មីៗបន្ថែមទៀត ដោយខិតខំស្រាវជ្រាវ និងចងក្រងភាពទាក់ទាញនៃធនធានធម្មជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ក្នុងតំបន់របស់ខ្លួន សំដៅប្រែក្លាយសក្តានុពលទាំងនោះទៅជាផលិតផលទេសចរណ៍ល្អឯកប្រចាំតំបន់។
ទី៤៖ គ្រប់ដៃគូអភិវឌ្ឍន៍ដែលកំពុងចូលរួមអភិវឌ្ឍទេសចរណ៍ជនបទនៅកម្ពុជា ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍ទេសចរណ៍ និងភាគីពាក់ព័ន្ធក្រោមការចង្អុលបង្ហាញរបស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ចូលរួមអនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ឲ្យមានប្រសិទ្ធខ្ពស់។
ទី៥៖ មន្ទីរទេសចរណ៍ត្រូវសហការជាមួយភាគីពាក់ព័ន្ធរៀបចំ និងបណ្តុះបណ្តាលធនធានមនុស្សនៅមូលដ្ឋានឲ្យកាន់តែសកម្មថែមទៀត ធានាដល់និរន្តរភាពការងារ និងការផ្តល់សេវាកម្មប្រកបដោយសេចក្តីពេញចិត្ត។
សូមចូលទៅកាន់លីងរបស់អង្គការទេសចរណ៍ពិភពលោកនេះ ដើម្បីស្វែងយល់ពីព័ត៌មានលម្អិត៖ HTTPS://WWW.UNWTO.ORG/NEWS/CAMBODIA-TO-CELEBRATE-THE-WORLD-TOURISM-DAY-2020-UNDER-THE-THEME-TOURISM-AND-RURAL-DEVELOPMENT