(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំអកដល់ ក្រុមប្រឆាំងនៅក្រៅប្រទេស ដែលបានលើកឡើងថា កម្ពុជាមានតែសន្តិភាពខាងក្រៅ តែអត់សន្តិភាពផ្លូវចិត្ត ដោយសម្តេចបានចាត់ទុកថា អ្នកដែលមានការភ័យខ្លាចនេះ គឺជាអ្នកដែលប្រព្រឹត្តទង្វើខុសច្បាប់។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ។
នៅក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គមឱ្យខាងតែបាន ធ្វើយ៉ាងណាកុំឱ្យប្រទេសកម្ពុជាធ្លាក់ទៅក្នុងភាពចលាចល។ សម្តេចក៏បានអរគុណពលរដ្ឋខ្មែរ១៦លាននាក់ ដែលបានចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយមិនលុះតាមការញុះញង់របស់ឧក្រិដ្ឋជនពីខាងក្រៅ និងខាងក្នុង។
សម្តេចតេជោ បានមានប្រសាសន៍យ៉ាងដូច្នេះថា «អ្នកខ្លះលើកឡើងថា សព្វថ្ងៃមានសន្តិភាពហើយ តែអសន្តិសុខក្នុងចិត្ត អើ ! បើហ្អែងធ្វើខុសច្បាប់ហ្អែងអសន្តិសុខងាប់អញ្ចឹងទៅ បើចង់មានសន្តិភាពផ្លូវចិត្ត ហ្អែងកុំធ្វើខុសច្បាប់ និយាយឱ្យខ្លីអញ្ចេះ ! មិនមែនសង្គមនេះធ្វើឱ្យហ្អែងងាប់ទេ មកពីហ្អែងធ្វើខុសច្បាប់ ទើបហ្អែងភ័យខ្លាចរាល់ថ្ងៃ»។ សម្តេចតេជោ ហ៊ុន សែន បានព្រលយថា អ្នកដែលសម្តេចបាននិយាយសំដៅនេះ រាប់ទាំងអ្នកវិភាគមួយចំនួនផងដែរ ដែលបាននិយាយថា កម្ពុជាអត់ទាន់មានសន្តិភាព។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានរិះគន់ដល់ស្រ្តីម្នាក់ដែលជាសកម្មជនរបស់ក្រុមឧទ្ទាមនៅក្រៅប្រទេស ដែលនិយាយថា «កម្ពុជាអត់មានសន្តិភាពផ្លូវចិត្ត» នេះដោយបានប្រមាថដល់សម្តេចសុទ្ធតែ «អាម៉ឹង» និងភូតកុហក់តាមបណ្តាញសង្គមថា «គេបាញ់សម្តេចពេលទៅកំពង់ចាមតែមិនស្លាប់»។
សម្តេចបានចោទសួរ «បើអញ្ចឹងៗ អញអត់ឱនឱ្យនាងឯងយ៉ាងម៉េចកើត?»។ សម្តេចបន្តថា៖ «ក្មេងជេរចាស់ ជាពិសេសគឺនិយាយខុសអាហ្នឹងរន្ទះបាញ់ ! ប្រយ័ត្នងាប់ខ្លួនឯងវើយ ! ហើយអញ្ចឹងៗ នាងឯងហ៊ានតែនិយាយនៅក្រៅប្រទេស និយាយក្នុងប្រទេសងាប់ឥឡូវ បើមិនគេវ៉ៃខ្នោះយកទៅបាត់ គេអត់ទុកទេ»។ សម្តេចចាត់ទុកថា ការប្រើពាក្យសម្តីរបស់ស្រ្តីនេះជាទង្វើខុសច្បាប់។
សម្តេចបានបញ្ជាក់ទៀតថា៖ «អញ្ជឹងទេ បើអ្នកឯងចង់មានសន្តិភាពផ្លូវចិត្ត គឺអ្នកឯងកុំធ្វើខុសច្បាប់ទៅមានស្អី ខ្ញុំអាចបញ្ចៀសបានរកឃើញសន្តិភាពពីការវ៉ៃគ្នាដោយអាវុធ មកធ្វើការរួបរួមគ្នា ដែលពីមុនប្រទេសកម្ពុជាបែងចែកជាតំបន់ត្រួតត្រាមិនតិចជាង២ ក្នុងពេលតែមួយ ដែលមើលប្រទេសកម្ពុជា ដែលឃើញមានតំបន់ត្រួតត្រាមួយទេ?»។
សម្តេចបានរំលឹកអំពីការបែកបាក់របស់កម្ពុជា នៅក្រោយសម័យសង្គមរាស្រ្តនិយម បន្តបន្ទាប់រហូតថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៣ ទើបកម្ពុជាមួយមានតំបន់ត្រួតត្រាមួយ រដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ»។ សម្តេចបានលើកឡើងអំពីការខិតខំកសាងសន្តិភាព និងថែរក្សាសន្តិភាព ជាមួយនឹងការអភិវឌ្ឍប្រទេសកម្ពុជា រយៈពេលរាប់ទសវត្សមកនេះ។
សម្តេចបញ្ជាក់បន្ថែមទៀតថា៖ «ប៉ុណ្ណឹងហើយ លោកឯងចង់វិលទៅរកសង្គ្រាមឡើងវិញឬអី? ដូច្នេះហើយបានជាយើង ដោយតម្លៃណាក៏ដោយ មិនអនុញ្ញាតឱ្យនរណាក៏ដោយ ដែលចង់មកបំផ្លាញសន្តិភាពដែលយើងរកបានដោយលំបាក សូមបញ្ជាក់ហើយបញ្ជាក់ទៀត ខ្ញុំបានបញ្ជាក់ហើយ ចេញមួយវ៉ៃមួយ ចេញពីរវ៉ៃពីរ អ្នកឯងចង់ថាអីថាទៅ តែដើម្បីការពារប្រជាជនដ៏កម្សត់មួយនេះ ដែលមានប្រជាជន១៦លាននាក់ ខ្ញុំត្រូវមានភារកិច្ចការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម»៕