(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មឡើងការពារសេចក្តីព្រាងច្បាប់ចំនួនពីរទៀត នៅចំពោះមុខគណៈកម្មការជំនាញរដ្ឋសភា។ សេចក្តីព្រាងច្បាប់ដែលរដ្ឋមន្ត្រីពាណិជ្ជកម្មបានឡើងទៅការពារនេះរួមមាន៖ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន (AJCEP - 1st Protocol) និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវាកម្ម (AFAS10)។
កាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ជាមួយគណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ និន សាផុន សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៩ និងមានការចូលរួមពីគណៈកម្មការទី៥ ដឹកនាំដោយ ឯកឧត្តមឈាង វុន សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៥ នៃរដ្ឋសភាផងដែរ។
ក្នុងកិច្ចប្រជុំពិភាក្សា និងពិនិត្យលើសេចក្តីព្រាងច្បាប់ទាំងពីរដែលធ្វើឡើងនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានជម្រាបអង្គប្រជុំពីការពិនិត្យយ៉ាងល្អិតល្អន់ទៅលើសេចក្តីព្រាងច្បាប់ទាំងពីរនេះ ហើយក៏បានលើកជាសំណួរមួយចំនួនជាពិសេសទៅលើខ្លឹមសារ ក៏ដូចជាអត្ថប្រយោជន៍ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងពីរទៅកាន់រដ្ឋមន្ត្រីពាណិជ្ជកម្មផងដែរ។
លោក ប៉ាន សូរស័ក្តិ បានបង្ហាញគណៈកម្មការជំនាញនៃរដ្ឋសភាពីសារសំខាន់ៗនៃសេចក្តីព្រាងច្បាប់ទាំងពីរ។ ជាពិសេសអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបាននៅពេលច្បាប់នេះចូលជាធរមាន។
លោករដ្ឋមន្ត្រី ក៏បានបង្ហាញពីកិច្ចខិតខំរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការនាំចេញតាមរយៈការធ្វើពិពិធកម្មទីផ្សារ និងទំនិញ ដើម្បីទាញយកប្រយោជន៍ឱ្យអស់លទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក និងស្វែងរកទីផ្សារបន្ថែម តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗផងដែរ។
ជាលទ្ធផលកិច្ចប្រជុំរបស់គណៈកម្មការទី៥ និងទី៩ នៃរដ្ឋសភា បានឯកភាពនិងគាំទ្រទាំងស្រុងលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់នោះ ដោយពុំមានការកែសម្រួលបន្ថែមនោះទេ ហើយសម្រេចដាក់ជូនកិច្ចប្រជុំពេញអង្គរដ្ឋសភានាពេលខាងមុខ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន នឹងធ្វើឱ្យពាណិជ្ជកម្មអាស៊ាន-ជប៉ុន មានភាពល្អប្រសើរឡើង ឆ្លើយតបទៅនឹងការវិវត្តនៃសេដ្ឋកិច្ចពិភពលោក តាមរយៈការធ្វើសេរីភាវូបនីយកម្មលើពាណិជ្ជកម្មសេវាកម្ម បម្លាស់ទីរូបវន្តបុគ្គល និងការវិនិយោគ។ ម្យ៉ាងទៀតក្រោយច្បាប់នេះចូលជាធរមាន នឹងជំរុញការទាក់ទាញវិនិយោគិន និងធុរកិច្ចជនជប៉ុនមកវិនិយោគនៅកម្ពុជាកាន់តែច្រើន នាំឱ្យលំហូរនៃបច្ចេកទេស និងបច្ចេកវិទ្យាកាន់តែមានភាពល្អប្រសើរ។
ច្បាប់នេះក៏នឹងធ្វើឱ្យកម្ពុជាមានកាលានុវត្តភាពកាន់តែច្រើនក្នុងការទទួលបានផលប្រយោជន៍ពីពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវាកម្ម ដោយសារអាស៊ាន ជាទីផ្សារតំបន់ដ៏ធំមួយ។
ច្បាប់នេះ ក៏ជួយទាក់ទាញអ្នកវិនិយោគ និងធុរជនពីប្រទេសនានាក្នុងអាស៊ាន មកវិនិយោគលើវិស័យសេវាកម្មក្នុងប្រទេសកម្ពុជា ក៏ដូចជាជួយបង្កើតឱកាសសម្រាប់ធុរជនកម្ពុជា ដែលមានបំណងពង្រីកទីផ្សារសេវាកម្មរបស់ខ្លួនទៅកាន់ប្រទេសនានាក្នុងអាស៊ានផងដែរ។ លើសពីនេះទៀត កម្ពុជានឹងទទួលបានផលប្រយោជន៍លើការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង បំណិន និងជំនាញថ្មីៗពីការវិនិយោគដោយផ្ទាល់របស់សមាជិកអាស៊ាន និងអាចប្រមូលចំណូលពន្ធអាករកាន់តែច្រើនឡើងជាចំណូលជាតិ ដោយអនុលោមទៅតាមច្បាប់សារពើពន្ធកម្ពុជាពីការធ្វើអាជីវកម្មពាណិជ្ជកម្មសេវាកម្មរបស់សមាជិកអាស៊ានផ្សេងទៀតនៅកម្ពុជា៕