(កណ្តាល)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឱ្យពិចារណាដាក់ចេញនូវវិធានការលើការប្រណាំងទូកនៅតាមភូមិ និងខេត្តនានា ដើម្បីបង្ការ ការពារ និងការចម្លងជំងឺកូវីដ-១៩ នៅតាមមូលដ្ឋាន នាឱកាសជួបជុំក្នុងពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប អកអំបុក និងសំពះខែ។
ការស្នើបែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រមុខនៃរាជរដ្ឋាភិបាល បានចាត់ទុកជំងឺកូវីដ-១៩ ជាអ្នកបំផ្លាញនូវភាពស្និតស្នាល ដែលពីមុខមនុស្សធ្លាប់អង្គុយកៀកគ្នា និងនិយាយរកគ្នាដោយមិនពាក់ម៉ាស ហើយជំងឺនេះ បានបំផ្លាញមិនឱ្យមនុស្សអាចចាប់ដៃ ដែលពីមុនសម្តេចធ្លាប់ចាប់ដៃប្រជាពលរដ្ឋ ឬឱបប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋឱបសម្តេច ដើម្បីបង្ហាញពីស្និតស្នាល និងក្តីស្រឡាញ់ តែត្រូវប្តូរមកលើកដៃសំពះពីចម្ងាយជាដើម។ សម្តេចតេជោថា ស្ថានភាពរបស់ពិភពលោកបានប្រែប្រួលដោយសារតែជំងឺកូវីដ-១៩ មិនមែនមានតែប្រទេសកម្ពុជាតែមួយនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានស្នើយ៉ាងដូច្នេះថា៖ «នៅពេលបុណ្យអ៊ុទូកខាងមុខ ពិតមែនតែរាជរដ្ឋាភិបាល បានប្រកាសមិនប្រារព្ធពិធីបុណ្យអ៊ុទូក អកអំបុក បណ្តែតយប្រទីប សំពះព្រះខែ នៅទីក្រុងភ្នំពេញ ក៏ប៉ុន្តែ មានលទ្ធភាពជាច្រើន ចាត់តាំងពិធីបុណ្យអ៊ុទូក ដោយខ្លួនឯង […] តែបញ្ហានេះ ខ្ញុំសូមស្នើដល់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើការពិចារណា ព្រោះបញ្ហាកីឡាអ៊ុទូក និងកីឡាទាត់បាល់ខុសគ្នា ដោយសារកីឡាអ៊ុទូក គឺគាត់អង្គុយ គឺបានសេចក្តីថាមនុស្សប៉ះគ្នាទាំងអស់...! បើសិនប្រជាពលរដ្ឋមានការអ៊ុទូក តើគួរមានវិធានការអីខ្លះ? ព្រោះយើងពិបាកហាមឃាត់ដែរ ជូនកាលអូសទូកទៅប្រណាំងកណ្តាលទន្លេទៅ អញ្ចឹងត្រូវមានវិធានអីខ្លះសម្រាប់ពេលខាងមុខនេះ»។
«បើសិនជាពិធីបុណ្យនៅភ្នំពេញ គឺយើងអត់ចាត់តាំងទេ ប៉ុន្តែពិធីសំះពព្រះខែ អកអំបុក នៅតែធ្វើតាមផ្ទះ វ ត្តអារាមដដែល ហើយជូនកាលមានដល់ការប្រណាំងទូកផង អញ្ចឹងត្រូវត្រៀមការណែនាំសម្រាប់ពិធីបុណ្យអ៊ុទូកប្រសិន បើនៅមូលដ្ឋាន ភ្នំពេញអត់មានធ្វើទេ ក៏ប៉ុន្តែ នៅមូលដ្ឋានទម្លាប់គាត់ ត្រូវតែអ៊ុទូក ត្រូវតែបណ្តែតប្រទីប អញ្ចឹងត្រូវណែនាំដើម្បីការពារ (ជំងឺកូវីដ-១៩) ផងដែរ»។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះ ពិភពលោកមិនទាន់មានភាពច្បាស់លាស់នៅឡើយទេថានឹងមានរឿងអ្វីកើតឡើងបន្តនៅក្នុងដំណាក់រាតត្បាតជំងឺកូវីដ-១៩នេះ មកដល់ពេលនេះមិនទាន់ដឹងថាប្រភពជំងឺកូវីដ-១៩ នេះ កើតមកពីអ្វីមួយច្បាស់ផង។ ខណៈបណ្តាប្រទេសទូទាំងពិភពលោកខិតខំប្រឹងរកវ៉ាកសាំង សម្រាប់ព្យាបាលជំងឺនេះ ហើយអង្គការសុខាភាពពិភពលោក ក៏មិនទាន់អះអាងថាអាមួយដែលប្រទេសជឿនលឿនកំពុងតែធ្វើតេស្តលើជំងឺនេះមានប្រសិទ្ធភាពនៅឡើយ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មិនទាន់មានការឆ្លងចូលក្នុងសហគមន៍នៅឡើយទេ ហើយអ្នកជំងឺដែលរកឃើញ គឺជាករណីនាំចូលទាំងអស់ ក៏ប៉ុន្តែ បើទោះបីជាប្រទេសកម្ពុជា មិនទាន់មានការឆ្លងចូលសហគមន៍ តែមិនត្រូវប្រម៉ាតចំពោះស្ថានភាពនៃជំងឺនេះនោះទេ ដូច្នេះ សូមស្នើឱ្យប្រជាពលរដ្ឋខិតខំបន្តការពារ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការការពារជំងឺកូវីដ-១៩ តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសត្រូវពាក់ម៉ាស លាងដៃជាមួយអាល់កុល ឬជែលលាងដៃ ការធ្វើអនាម័យ ការរក្សាគម្លាត និងប្រើប្រាស់ការមិនទុកចិត្តគ្នាថា អ្នកណាមានជំងឺកូវីដ-១៩ ឬអ្នកនោះមិនមានជំងឺកូវីដ-១៩ ជាដើម។
សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមថា ជំងឺកូវីដ-១៩ វាមិនភ្លេចយើងនោះទេ ហើយក៏មិនដឹងថាជំងឺនេះវាសំងំនៅទីណានោះដែរ សូម្បីតែសេតវិមានប្រធានាធិបតីអាមេរិក ក៏បានជំងឺសំងំ និងបានឆ្លងប្រធានាធិបតី ដូណា ត្រាំ និងភរិយារបស់ប្រធានាធិបតីបានដែរ។ សម្តេចក៏សូមជូនពរដល់ប្រធានាធិបតីអាមេរិក និងភរិយា ឱ្យឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩នេះផងដែរ។
នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមទប់ស្កាត់ ការពារ និងបង្ការជំងឺកូវីដ-១៩ ទាំងអស់គ្នា ព្រោះសូម្បីតែគ្រូពេទ្យក៏មិនដឹងថាជំងឺកូវីដ -១៩នេះ សំងំលាក់ខ្លួននៅទីណានោះដែល រហូតមានក្រុមគ្រូពេទ្យនៅតាមបណ្តាប្រទេសមួយចំនួន នៅលើពិភពលោកបានឆ្លងជំងឺនេះ រហូតបាត់បង់ជីវិតជាដើម។ សម្តេចបានចាត់ទុកជំងឺកូវីដ-១៩ គឺជាជំងឺដ៏កាចសាហាវ ព្រៃផ្សៃ តម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយឡែកប្រសិននៅមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» ត្រូវអនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ-១៩ នៅក្នុងមជ្ឈមណ្ឌលនេះ៕