(តាកែវ)៖ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃណីយ៍ និងទូរគមានគមន៍ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ បាននាំយកសម្ភារប្រើប្រាស់ការពារជំងឺកូវីដ១៩ ចែកជូនដល់សាលាមធ្យមសិក្សាទូទាំងស្រុកទ្រាំង ព្រមទាំងបានចែកអំណោយដល់មណ្ឌលកុមារកំព្រានៅក្នុងស្រុកទ្រាំងថែមទៀតផង។
ថ្លែងនៅក្នុងពិធីនោះលោក សុខ ពុទ្ធិវុធ បានណែនាំដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ពីបញ្ហាអនាម័យឲ្យបានល្អប្រសើរ នៅពេលដែលសាលារៀនមួយចំនួន ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យបើកបង្រៀនឡើងវិញ ព្រោះការចេះរក្សាអនាម័យល្អនាំឲ្យ យើងអាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់យើង ជាពិសេស លោកគ្រូ អ្នកគ្រូ ក៏ត្រូវធ្វើការដាស់តឿនអប់រំដល់ប្អូនៗ សិស្សានុសិស្សពីវិធីការពារទប់ស្កាត់ជំងឺកូវីដ១៩ ស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។
នៅក្នុងឱកាសនោះលោក សុខ ពុទ្ធិវុធ បានលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ឲ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ បើទោះបីជាកន្លងមកសាលា បានផ្អាកការបង្រៀនដោយសារតែ ការរីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏ប្អូនៗត្រូវប្រឹងប្រែងរៀនសូត្រដើម្បីក្លាយជាធនធានមនុស្សរបស់ប្រទេសជាតិយើង ហើយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ និងរិះរកវិធីគ្រប់បែបយ៉ាងក្នុងការជួយបណ្ដុះបណ្ដាលចំណេះដឹងបន្ថែមដល់ប្អូនៗ ជាពិសេសប្អូនៗ ដែលត្រូវប្រឡងបាក់ឌុបក្នុងឆ្នាំនេះ ដើម្បីធ្វើយ៉ាងណាឲ្យការប្រឡងទទួលបានលទ្ធផលល្អប្រសើរ។
គួបញ្ជាក់ថា សម្ភារប្រើប្រាស់ការពារជំងឺកូវីដ១៩ដែរ លោក សុខ ពុទ្ធិវុធ យកមកចែកជូនដល់សាលាមធ្យមសិក្សាទូទាំងស្រុកទ្រាំង និងមណ្ឌលកុមារកំព្រាស្រុកទ្រាំងរួមមាន ម៉ាស់ ៣៩ប្រអប់ ជែល ១៦៤ដប សាប៊ូ៧២០ដុំ និងអាកុល១៥កាន និងថវិការ១លាន៤សែនរៀលជូនដល់មណ្ឌលកុមារកំព្រាស្មោង៕