(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ សម្តេចនឹងអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប១ខ្សែ ដែលឆ្លងកាត់ទន្លេបាសាក់ គឺតភ្ជាប់ពីកោះពេជ្រ ទៅគម្រោងអភិវឌ្ឍន៍កោះនរា។ ស្ពានមួយនេះ មានទីតាំងស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានគម្រោងថវិកាសាងសង់តម្លៃ ៣៨លានដុល្លារអាមេរិក។

ការឲ្យដឹងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ក្នុង ឱកាសអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃទី២៦នេះខ្ញុំទៅបើកការដ្ឋានទៀត។ បើកការដ្ឋានកសាងស្ពាន តភ្ជាប់កោះពេជ្រជាមួយកោះនរា»

តាមរយៈសមិទ្ធផលជាបន្តបន្ទាប់នេះ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា អះអាងជាថ្មីថា ឧបសគ្គទាំងឡាយមិនអាចបង្អាក់ការអភិវឌ្ឍកម្ពុជាបានទេ។ សម្តេចតេជោ បានបន្ថែមថា ទន្ទឹមនឹងការរីកចម្រើនទៅមុខជាលំដាប់របស់កម្ពុជានៅពេលនេះ ធ្វើឲ្យក្រុមអ្នកប្រឆាំងមិនដែលពេញចិត្ត និងកោតសរសើរឡើយ ប៉ុន្តែសម្តេចសង្កត់ធ្ងន់ថា សម្តីអ្នកទាំងនោះ គឺជាសម្តីអត់ប្រយោជន៍ ប្រៀបបាននឹងសំឡេងសត្វសុនកព្រុសអញ្ចឹង។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន OCIC បានបង្ហាញអំពីលក្ខណៈបច្ចេកទេសនៃគម្រោងស្ថាបនាស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីកោះពេជ្រ ទៅគម្រោងអភិវឌ្ឍន៍កោះនរា គឺតួស្ពានបេតុងខ្សែកាប និងផ្លូវតភ្ជាប់ក្បាលស្ពាន មានប្រវែងសរុប ៨២៤ម៉ែត្រ ក្នុងនោះ៖

* ទទឹងស្ពាន មានទំហំ ២៤.៥ម៉ែត្រ
* បណ្តោយស្ពានបេតុង មានប្រវែង ៤៨៣ម៉ែត្រ (សសរស្ពានមានគំលាត ២០ម៉ែត្រ+២១ម៉ែត្រ +១០៨ម៉ែត្រ +១០៨ម៉ែត្រ +១០៨ម៉ែត្រ +២៣ម៉ែត្រ +២៣ម៉ែត្រ)
* ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងទីក្រុងកោះពេជ្រ មានប្រវែង ២៤៩ម៉ែត្រ
* ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងគម្រោងកោះនរា មានប្រវែង ៩២ម៉ែត្រ
* ទទឹងតភ្ជាប់ក្បាលស្ពានសរុបទាំងផ្លូវស្របក្បាលតួស្ពាន មានទំហំ ២១.៥០ម៉ែត្រ
* ទទឹងតភ្ជាប់ក្បាលស្ពាន សម្រាប់តែស្ពានមេ មានទំហំ ២៤.៥០ម៉ែត្រ
* គន្លងផ្លូវសម្រាប់រថយន្ត មានទំហំ ៣.២៥ម៉ែត្រ មាន ២គន្លងទៅ និង ២គន្លងមក
* គន្លងផ្លូវសម្រាប់ទោចក្រយានយន្ត មានទំហំ ២.៥០ម៉ែត្រ មាន ១គន្លងទៅ និង ១គន្លងមក
* គន្លងចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើជើង មានទំហំ ១.២៥ម៉ែត្រ សងខាង
* ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រក្នុងមួយម៉ោង
* ជម្រាលទទឹងស្ពាន ២ភាគរយ
* សសរសម្រាប់ព្យួរខ្សែកាប មានកម្ពស់ ៦០ម៉ែត្រ គិតចាប់ពីផ្ទៃតួស្ពានទៅលើអាកាស
* សសរស្ពានសម្រាប់ព្យួរខ្សែកាបសរុបចំនួន ២ ក្នុងនោះសសរស្ពាននីមួយៗប្រើប្រាស់គ្រិះខួងចំនួន ១៨ដើម អង្កត់ផ្ចិតទំហំ ២ម៉ែត្រ
* ប្រវែងគ្រិះខួង មានអង្កត់ផ្ចិតទំហំ ២ម៉ែត្រ សសរស្ពានទី១ មានជម្រៅ ៥៩.៤០ម៉ែត្រ និងសសរស្ពានទី២ មានជម្រៅ ៧៣.៤០ម៉ែត្រ

* ផ្នែកខាងកោះពេជ្រ មានសសរស្ពាន ៣
- សសរក្បាលស្ពានទី១ មានគ្រិះខួង អង្កត់ផ្ចិត ១.២០ម៉ែត្រ គុណនឹង ៨ដើម ប្រវែង ៣០.៩០ម៉ែត្រ
- សសរក្បាលស្ពានទី២ មានគ្រិះខួង អង្កត់ផ្ចិត ១.២០ម៉ែត្រ គុណនឹង ៨ដើម ប្រវែង ៣១.៤០ម៉ែត្រ
- សសរក្បាលស្ពានទី៣ មានគ្រិះខួង អង្កត់ផ្ចិត ១.៥០ម៉ែត្រ គុណនឹង ១០ដើម ប្រវែង ៤៣.៥០ម៉ែត្រ

* ផ្នែកខាងគម្រោងកោះនរា មានសសរស្ពាន ៣
- សសរក្បាលស្ពានទី១ មានគ្រិះខួង អង្កត់ផ្ចិត ១.២០ម៉ែត្រ គុណនឹង ៨ដើម ប្រវែង ៤១.១០ម៉ែត្រ
- សសរក្បាលស្ពានទី២ មានគ្រិះខួង អង្កត់ផ្ចិត ១.២០ម៉ែត្រ គុណនឹង ៨ដើម ប្រវែង ៤៧.០០ម៉ែត្រ
- សសរក្បាលស្ពានទី៣ មានគ្រិះខួង អង្កត់ផ្ចិត ១.៥០ម៉ែត្រ គុណនឹង ១០ដើម ប្រវែង ៤៧.២០ម៉ែត្រ

* ជើងតាងស្ពាន មានទំហំអតិបរិមា ២៤.៣ គុណនឹង ១៧.៧ម៉ែត្រ កម្រាស់ ៤.៥០ម៉ែត្រ
* កម្ពស់អតិបរិមានាវាឆ្លងកាត់ក្រោមស្ពាន មានកម្ពស់ ៨ម៉ែត្រ (កម្រិតទឹកនៅរដូវវស្សាខ្ពស់បំផុត)
* កម្ពស់អតិបរិមានាវាឆ្លងកាត់ក្រោមស្ពាន មានកម្ពស់ ១៨ម៉ែត្រ (កម្រិតទឹកនៅរដូវប្រាំងទាបបំផុត)
* គម្លាតពីសសរស្ពានខ្សែកាប មានប្រវែង ១៨០ម៉ែត្រ
* សសរស្ពានខ្សែកាបនីមួយៗ មានខ្សែកាបចំនួនមួយជួរ ១៦ដើមសងខាង ដោយក្នុង១ដើម មានភ្ជាប់ខ្សែកាបតូចៗ ពី ២៧ ទៅ ៣១ដើម ដែលមានអង្កត់ផ្ចិត ១៥.២មីលីម៉ែត្រ
* សសរស្ពានខ្សែកាបទាំង ២ដើម មានឆ្លាកចំលាក់ក្បាច់ខ្មែរជាពិសេស
* មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ
* រៀបចំបណ្តាយលូអមសងខាងផ្លូវក្បាលស្ពាន
* ដាក់ស្លាកសញ្ញាចរាចរ និងលាបគំនូសចរាចរ។

អំពីព័ត៌មានគម្រោងស្ពានបេតុងខ្សែកាបកោះនរា៖

* គម្រោង៖ សាងសង់ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីកោះពេជ្រ ទីគម្រោងកោះនរា
* ទីតាំងស្ពាន៖ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
* ម្ចាស់គម្រោង៖ រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ
* ថវិកាសាងសង់៖ ៣៨,០០០,០០០ដុល្លាអាមេរិក
* ក្រុមហ៊ុនសាងសង់៖ ក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC)
* បណ្តោយស្ពាន៖ ៨២៤ម៉ែត្រ
* ទទឹងស្ពាន៖ ២៤.៥០ម៉ែត្រ
* បណ្តោយស្ពានបេតុង៖ ៤៨៣ម៉ែត្រ
* ផ្លូវគល់ស្ពានសងខាង៖ ៣៤១ម៉ែត្រ (បេតុងអារមេ)
* រយៈពេលសាងសង់៖ ៣៥ខែ។

សូមជម្រាបថា ក្រៅពីកសាងស្ពានភ្ជាប់ពីកោះពេជ្រទៅកោះនរា ក្រុមហ៊ុន OCIC ក៏បានបង្ហាញគម្រោង ស្ពានបេតុងភ្ជាប់ពីគម្រោងកោះនរា ទៅកាន់ផ្លូវជាតិលេខ១ផងដែរ ដែលគម្រោងនេះ រួមមាន៖

* ទីតាំងស្ពាន៖ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
* ថវិកាសាងសង់៖ ១,៦០៦,៣៥៣ដុល្លាអាមេរិក
* ក្រុមហ៊ុនសាងសង់៖ ក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC)
* បណ្តោយស្ពាន៖ ៦០ម៉ែត្រ
* ទទឹងស្ពាន៖ ២១ម៉ែត្រ
* បណ្តោយស្ពានបេតុង៖ ៤៥ម៉ែត្រ
* ផ្លូវគល់ស្ពានសងខាង៖ ១៥ម៉ែត្រ (បេតុងអារមេ)
* រយៈពេលសាងសង់៖ ១២ខែ៕