(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬ ហៅកាត់ថា GMAC នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ បានឧបត្ថម្ភម៉ាសចំនួន ៤០,០០០ម៉ាស ដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមការពារការចម្លងវីរុសកូវីដ១៩ នៅប្រទេសកម្ពុជា ក្នុងអំឡុងពេលនៃការបើកដំណើការឡើងវិញ នៃគ្រឹះស្ថានអប់រំរបស់រដ្ឋនៅកម្ពុជា។

លោក វ៉ាន់ សូអៀង ប្រធានសមាគមរោងចក្រកាត់ដេរបានបញ្ជាក់ថា ដោយមើលឃើញ ពីការបើកដំណើការឡើងវិញ នៃគ្រឹះស្ថានអប់រំ សមាគមយល់ឃើញថា ទំនាក់ទំនងរវាងវិស័យរដ្ឋ និងឯកជនគឺជាដៃគូនឹងគ្នា ហេតុដូច្នេះហើយ ការឧតបត្ថម្ភម៉ាស៤០,០០០នេះ គឺជាការចូលរួមចំណែកទប់ស្កាត់ និងប្រយុទ្ឋប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសដល់សិស្សានុសិស្ស នៅតាមគ្រឺះស្ថានសិក្សា និងឧតម្តមសិក្សានានា នៅទូទាំងកម្ពុជា។

លោក វ៉ាន់ ស៊ូអៀង បានថ្លែងយ៉ាងដូច្នេះថា «វិស័យឯកជនតែងតែយកចិត្តទុកដាក់ លើវិស័យអប់រំដែលជាវិស័យអាទិភាពដ៏សំខាន់ ត្រូវមួយរបស់រដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដូច្នេះហើយ ការឧបត្ថម្ភម៉ាសចំនួន ៤០០០០នេះ គឺជាការទទួលខុសត្រូវសង្គមរបស់ស័យឯកជន ក្នុងការចូលរួមចំណែកត្រឡប់ទៅវិញដល់សង្គមជាតិ»

លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានថ្លែងអំណរគុណចំពោះការចូលរួមចំណែក របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩នេះ ក្នុងវិស័យអប់រំ ដែលប្រមុខរាជរដ្ឋាភិបាល ស្របតាមការណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន ដើម្បីប្រយុទ្ឋប្រឆាំង នៃការរីករាលដាល នៃវីរុសកូវីដនៅកម្ពុជា។

លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានថ្លែងថា «តាំងនាមឲ្យថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណ ចំពោះសមាគមរោងចក្រ កាត់ដេរនៅកម្ពុជា ដែលតែងតែសហការ និងឧបត្ថម្ភម៉ាសដល់ក្រសួង ដើម្បីយកទៅចែកចាយបន្តតាមគ្រឹះស្ថានអប់រំរដ្ឋ បុគ្គលិក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សយកទៅប្រើប្រាស់ក្នុងការទប់ស្កាត់ពីការឆ្លងនៃជំងីកូវីដ១៩នេះ»

សូមជម្រាបផងដែរថា នៅថ្ងៃទី០៨ ស្អែកនេះ សមាគមក៏នឹងធ្វើការឧបត្ថម្ភម៉ាស ៤០០០០ម៉ាស ដល់ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមការពារ ការចម្លងវីរុសកូវីដ១៩ នៅប្រទេសកម្ពុជា ក្នុងអំឡុងពេលនៃការបើកដំណើការឡើងវិញ នៃមជ្ឈមណ្ឌល និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។

ក្នុងនោះ ម៉ាសចំនួន២០,០០០ នឹងឧបត្ថម្ភដល់ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងម៉ាសចំនួន២០០០០ ផ្សេងទៀត ដល់អគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវីជ្ជាជីវៈ នៃក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ។

សមាគម សូមបញ្ជាក់ថា ម៉ាសខាងលើនេះ ត្រូវបានផលិតដោយរោងចក្រ ដែលបានចុះបញ្ជីយ៉ាងត្រឹមត្រូវជាមួយនឹង រដ្ឋបាលឱសថ និងអាហារនៃសហរដ្ឋអាមេរិក ហើយការផលិតម៉ាសនេះក៏ត្រូវបាន ទទួលស្គាល់ដោយបទដ្ឋានរបស់សហភាពអ៊ឺរ៉ុបផងដែរ។

សមាគមសង្ឃឹមថា ការឧបត្ថម្ភនេះ នឹងចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាការពារការចម្លងចូលក្នុងសហគមន៍ នៅកម្ពុជា៕