(ភ្នំពេញ)៖ ប្រធានគណៈចាត់តាំងបរទេស នៃគណៈមជ្ឍិមបក្សប្រជាជនបដិវត្តន៍ឡាវ លោកស្រី ស៊ុនថន សៃយ៉ាចាក់ បានវាយតម្លៃ  ខ្ពស់ និងកោតស្ញប់ស្ញែងខ្លាំងទៅលើភាពរីកចម្រើនរបស់កម្ពុជា ទាំងផ្នែកសង្គម សេដ្ឋកិច្ច និង នយោបាយ ជាពិសេសជីវភាពរបស់ ប្រជាជន។ លោកស្រី ស៊ុនថន សៃយ៉ាចាក់ បានថ្លែងថា ភាពរីកចម្រើនទាំងអស់នេះ ដោយសារការដឹកនាំត្រឹមត្រូវរបស់គណបក្ស ប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន។

ការថ្លែងកោតសរសើរពីភាពរីកចម្រើនរបស់កម្ពុជានេះ បានធ្វើឡើងក្នុងឱកាសដែលលោកស្រី ស៊ុនថន សៃយ៉ាចាក់ អញ្ជើញចូលជួប  សំណេះសំណាល និងសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ  ២០១៦នេះ នៅវិមានសន្តិភាព។

យោងតាមទំព័រ Facebook របស់សម្តេចតេជោ បានឲ្យដឹងថា ក្នុងជំនួបនេះ លោក ស៊ុនថន សៃយ៉ាចាក់ បានជម្រាបជូនសម្ដេចតេ  ជោ ហ៊ុន សែន លទ្ឋផល នៃមហាសន្និបាតបក្សប្រជាជនបដិវត្តន៍ឡាវលើកទី១០ ដែលក្នុងនោះមានការយកចិត្តទុកដាក់ពីចក្ខុវិស័យ  នៃការអភិវឌ្ឍន៍ពីឆ្នាំ២០១៦ ដល់ ២០៣០ និងផែនការអភិវឌ្ឍពីឆ្នាំ ២០១៦ ដល់ ២០២០ ដែលយកចិត្តទុកដាក់លើការកាត់បន្ថយ ភាពក្រីក្រ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ លោកស្រី ស៊ុនថន សៃយ៉ាចាក់ ដែលបានផ្ដល់នូវរបាយការណ៍នេះ និងបាន អបអរសាទរចំពោះជោគជ័យ នៃមហាសន្និបាតប្រជាជនបដិវត្តន៍នេះ។ តាមរយៈជំនួបនេះបានធ្វើឲ្យទំនាក់ទំនង នៃប្រទេសទាំង២  កាន់តែមានភាពប្រសើរឡើងបន្ថែមទៀត៕