(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំបន្ថែម ស្តីពីការពង្រឹងការធ្វើចត្តាឡីស័កនៅតាមផ្ទះ និងតាមមណ្ឌលចត្តាឡីស័ក ឲ្យបានហ្មត់ចត់ ដើម្បីចូលរួមការពារការចម្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍។
តាមសេចក្ដីប្រការរបស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា កម្ពុជាស្ថិតនៅតែមានហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ គ្រប់ពេលវេលានៅឡើយ។ ដើម្បីចូលរួមបន្តទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍ ការពង្រឹងការធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ឬការដាក់ខ្លួនឲ្យនៅដាច់ដោយឡែករបស់បុគ្គល ដែលត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅតាមផ្ទះ និងនៅតាមមណ្ឌលនានា។
លើសពីនោះ គឺតម្រូវឲ្យមានការចូលរួមឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាលពីបុគ្គល និងមានការគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ ពីអាជ្ញាធរមានសមត្ថកិច្ច នៅតាមមូលដ្ឋាននៅទូទាំងប្រទេស បន្ទាប់ពីទទួលបានលទ្ធផលតេស្តលើកទីមួយ អវិជ្ជមានវីរុសកូវីដ-១៩ ដែលមានការអនុញ្ញាតឲ្យបុគ្គលនោះ ទៅធ្វើចត្តាឡីស័ក ឬធ្វើការដាក់ខ្លួនឲ្យនៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន។
ការមិនគោរពបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការធ្វើដំណើរចល័តរបស់បុគ្គលពីកន្លែងមួយទៅកន្លែងមួយ ឬទៅប៉ះពាល់ជាមួយអ្នកដទៃទៀត ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ឬនៅដាច់ដោយឡែកនេះ នឹងអាចជាហេតុនាំឲ្យមានការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ទៅម្នាក់ បង្កើតឱកាសចម្លងទៅអ្នកផ្សេងទៀត និងក៏អាចជាឱកាសនាំឱ្យមានការចម្លង ទៅក្នុងសហគមន៍ផងដែរ ប្រសិនបើបុគ្គលនោះមានផ្ទុកវីរុសកូវីដ-១៩។
ក្រសួងសុខាភិបាល បានអំពាវនាវសារជាថ្មីដល់សាធារណជន ក្រសួងពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ អាជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋាន និងបងប្អូនទាំងអស់ សូមចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ កុំឲ្យមានឆ្លងចូលទៅក្នុងសហគមន៍នៅកម្ពុជា ដោយទាំងអស់គ្នាត្រូវតែបន្តអនុវត្តន៍ តាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងរបស់ក្រសួងសុខាភិបាល ដោយអនុវត្តនូវគោលការណ៍ណែនាំសំខាន់ៗដូចតទៅ៖
* អាជ្ញាធរថ្នាក់ក្រោមជាតិ សូមបន្តធ្វើឲ្យសកម្មនូវការអប់រំប្រជាជនអំពីវិធានការការពារ និងភាពចាំបាច់នៃការធ្វើ ចត្តាឡីស័ក ឬការដាក់ខ្លួនឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល ១៤ថ្ងៃ នៅតាមបណ្តារាជធានី-ខេត្ត ជាបន្តទៀត។
* អាជ្ញាធររាជធានី-ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រងឃ្លាំមើល និងធ្វើការណែនាំការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវការធ្វើចត្តាឡីស័ក របស់ប្រជាពលរដ្ឋនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។
* រដ្ឋបាលឃុំ/សង្កាត់៖ ដឹកនាំការងារគ្រប់គ្រង និងរក្សាអនាម័យឲ្យបានស្អាត នៅតាមមណ្ឌលចត្តាឡីស័ក និងធ្វើការតាមដានគ្រប់គ្រងយ៉ាងហ្មត់ចត់ ចំពោះអ្នកដែលបានអនុញ្ញាតឲ្យទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់គាត់ ដោយមានកិច្ចសហការពីគណៈគ្រប់គ្រងមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ដោយអនុវត្តតាមគោលការណ៍ចត្តាឡីស័ក និងក្នុងករណីមានអ្នកដែលមានបញ្ហាសុខភាព។
* អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចាត់ចែងមន្រ្តីឃុំ/សង្កាត់ និងមន្រ្តីភូមិ និងរៀបចំក្រុមការងារតាមភូមិ ឱ្យចូលរួមពង្រឹងការអនុវត្តវិធានលំនៅដ្ឋានចត្តាឡីស័ក ដោយឃ្លាំមើលនូវការអនុវត្តរបស់អ្នកចត្តាឡីស័ក និងការពារសុវត្ថិភាព ព្រមទាំងយាមកាមកុំឲ្យមានអ្នកដែលមានបំណងរត់ចេញ អាចរត់ចេញបាន។
* ក្នុងករណីមានអ្នករត់ចេញពីការធ្វើចត្តាឡីស័ក ត្រូវអនុវត្តច្បាប់ដែលមានជាធរមាន លើបុគ្គលដែលរត់នោះ។
* អាជ្ញាធររាជធានី-ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការអនុវត្តបានខ្ជាប់ខ្ជួននូវវិធានការការពារការចម្លងជំងឺ ព្រមទាំងជំរុញលើកទឹកចិត្តប្រជាជន ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួនឲ្យស្របតាមរបត់នៃ «ការរស់នៅធម្មតា តាមបែបគន្លងថ្មីក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩» ដោយប្រកាន់យកនូវការអនុវត្តអនាម័យដៃស្អាត (លាងដៃឱ្យញឹកញាប់) ពាក់ម៉ាស់ (ក្នុងករណីចាំបាច់) ប្រើក្រម៉ា ឬក្រដាសជូតមាត់ ខ្ទប់មាត់ពេលមានក្អក កណ្តាស់ បន្តអនុវត្តគម្លាតសុវត្តិភាព សង្គម និងគម្លាតសុវត្ថិភាពបុគ្គលលើសពីមួយម៉ែត្រកន្លះឡើង ជាចាំបាច់។
* ជំរុញឲ្យអ្នកជិតខាង បងប្អូនសាច់ញាតិ ឬក្រុមគ្រួសារបុគ្គលដែលធ្វើចត្តាឡីស័កឲ្យចូលរួមណែនាំ និងរាយការណ៍ជូនអាជ្ញាធរភូមិ ឃុំ សង្កាត់ ក្នុងករណីបុគ្គលចត្តាឡីស័ក មិនគោរព ឬមិនអនុវត្តនូវវិធានការការពារខ្លួន និងវិធានការដាក់ខ្លួនឲ្យនៅដោយឡែក ដើម្បីកុំឲ្យមានការចម្លងពីបុគ្គលទៅក្រុមគ្រួសារ ឬអ្នកជិតខាងខ្លួន។
*ប្រជាពលរដ្ឋមកពីក្រៅប្រទេសដែលមិនបានត្រួតពិនិត្យសុខភាពនៅតាមព្រំដែន ត្រូវតែឱ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាពផ្ទាល់ខ្លួនជាចាំបាច់ក្នុងរយៈពេល១៤ថ្ងៃ និងជម្រាបក្រុមគ្រូពេទ្យដើម្បីពិនិត្យសុខភាពនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិត ប្រសិនបើមានអាការៈមិនស្រួល ឬករណីសង្ស័យ។
* ចុះពិនិត្យស្ថានភាពនៅទីកន្លែងស្នាក់នៅរបស់អ្នកចត្តាឡីស័កតាមផ្ទះ ដែលបញ្ជូនមកពីមណ្ឌលពិនិត្យសុខភាពខេត្ត និងពីមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក និងរៀបចំចាត់ចែងការងារបន្ត ដោយផ្អែកលើលទ្ធផលនៃការតាមដានពិនិត្យឲ្យបានហ្មត់ចត់ជាទីបំផុត។
ចំពោះបុគ្គលដែលធ្វើចត្តាឡីស័កនៅផ្ទះ សូមអនុវត្តនូវវិធានការដូចខាងក្រោមនេះ ឲ្យបានពេញលេញក្នុងរយៈពេល១៤ថ្ងៃ៖
១៖ សូមនៅក្នុងបន្ទប់មួយដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ហើយបន្ទប់នោះ ត្រូវមានខ្យល់ចេញ-ចូលល្អ
២៖ ត្រូវពាក់ម៉ាស់ និងរក្សាចម្ងាយយ៉ាងហោចណាស់ មួយម៉ែត្រកន្លះ ពីសមាជិកគ្រួសារផ្សេងទៀត និងអ្នកដទៃ
៣៖ កាត់បន្ថយការប្រើប្រាស់កន្លែងរួមគ្នា ដូចជាបន្ទប់ទឹក ផ្ទះបាយ ជាដើម
៤៖ ត្រូវតាមដានសុខភាពផ្ទាល់ខ្លួន៖ ឆែកកំដៅខ្លួន ២ដងក្នុងមួយថ្ងៃ ប្រសិនបើមាន គ្រុនក្តៅ ក្អក ឈឺបំពង់ក ហៀរសំបោរ ពិបាកដកដង្ហើម ឈឺក្បាល ឈឺសាច់ដុំ ឬរាក សូមរាយការណ៍ទៅ ទូរស័ព្ទលេខ ១១៥ ឬទៅក្រុមគ្រូពេទ្យដែលនៅជិតលោកអ្នក ដូចជាមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ជាដើម
៥៖ លាងដៃឲ្យបានញឹកញាប់ ជាប្រចាំ ជាពិសេស សំអាតដៃមុនពេល និងបន្ទាប់ពីរៀបចំអាហារ បន្ទាប់ចេញពីបង្គន់ និងនៅពេលដែលឃើញដៃកខ្វក់
៦៖ ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬ កណ្តាស់ ដោយក្រដាសជូតមាត់ ក្រម៉ា ឬបត់កែងដៃរួចហើយលាងសំអាតដៃភ្លាម
៧៖ បោះចោលកាកសំណល់ក្នុងធុងសម្រាមដែលមានគម្របបិទជិត
៨៖ សម្អាតបន្ទប់ទឹក ស្រោមពូក ខ្នើយ ភួយ និងបរិក្ខារប្រើប្រាស់ផ្សេងៗជាប្រចាំ
៩៖ កុំធ្វើដំណើរតាមការដឹកជញ្ជូនសាធារណៈ រថយន្តឈ្នួលរួមគ្នាជាមួយអ្នកដទៃ និងកុំទៅកន្លែងសាធារណៈ៕
ព័ត៌មានលម្អិតបន្ថែម មានដូចខាងក្រោមនេះ៖