(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងជំនាញពន្លត់អគ្គិភ័យ នៃការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យមើលទីតាំងស្ថានីយ៍ប្រេងឥន្ធនៈចំនួន ៣ទីតាំង នៅផ្លូវលេខ៦៧, ១២៦ និងផ្លូវលេខ១១៨ ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដោយមានការចង្អុលបង្ហាញផ្ទាល់ពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង ទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ ត្រូវលុបបំបាត់កន្លែងលក់ហ្គាសអាណាធិបតេយ្យឲ្យអស់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់របស់ប្រជាពលរដ្ឋ។
ក្រោយពីទទួលបានបទបញ្ជានេះរួចមក លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា បានណែនាំឲ្យលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ចុះធ្វើការដឹកនាំមន្រ្តីជំនាញ ដោយនៅក្នុងប្រតិបត្តិការនេះរួមមាន៖ លោកវរសេនីយ៍ទោ គង់ ថូ នាយរងការិយាល័យ, លោកវរសេនីយ៍ទោ ឯម គឹមហ៊ុល នាយរងការិយាល័យ ដោយបានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ-ប៉ុស្តិ៍ ចុះធ្វើការត្រួតពិនិត្យទីតាំងស្ថានីយ៍ប្រេងឥន្ធន: ចំនួន៣ទីតាំង។
*ទីតាំងស្ថានីយ៍ប្រេងឥន្ធនៈទី១ យីហោ សូគីមិច ដោយមានម្ចាស់ឈ្មោះ ជា ហ៊ុន ភេទស្រី អាយុ ៦០ឆ្នាំ ដែលស្ថិតនៅចំណុចផ្លូវលេខ៦៧ ភូមិ២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
*ទីតាំងស្ថានីយ៍ប្រេងឥន្ធនៈទី២ យីហោ សូគីមិច ដោយមានម្ចាស់ឈ្មោះ អ៉ឹង ទ្រី ភេទប្រុស អាយុ ៦៧ឆ្នាំ ដែលស្ថិតនៅចំណុចផ្លូវលេខ១២៦ ភូមិ៣ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
*ទីតាំងស្ថានីយ៍ប្រេងឥន្ធនៈទី៣ យីហោ សូគីមិច ដោយមានម្ចាស់ឈ្មោះ ថន ថាវី ភេទស្រី អាយុ ៣០ឆ្នាំ ដែលស្ថិតនៅចំណុចផ្លូវ១១៨ ភូមិ១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
ក្រោយពីធ្វើការត្រួតពិនិត្យមើលទីតាំងចំនួន ៣ខាងលើរួចមក កម្លាំងជំនាញរបស់យើងបានធ្វើការណែនាំ និងអប់រំដល់ម្ចាស់ទីតាំង ដែលប្រកបអាជីវកម្មលក់សាំងទាំងអស់ ដោយមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងជំនាញពន្លត់អគ្គិភ័យយើងបានធ្វើការចុះត្រួតពិនិត្យទីតាំងស្ថានីយ៍ប្រេងឥន្ធនៈចំនួន៨ទីតាំង សិតសឹងតែមានច្បាប់អនុញ្ញាតត្រឹមត្រូវ, ទីតាំងលក់ហ្គាសចំនួន៦ទីតាំង មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដោយឡែកទីតាំងលក់ហ្គាស ២ទីតាំងទៀតពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះឡើយ៕