(កណ្តាល)៖ លោក ណុប រ័ត្ននិមល តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន បានយកអំណោយ និងសម្ភាររបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកដង្ហែអង្គកឋិនទានវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពទ្ធសីមា វត្តសាលាអណ្តែត និងជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងពុទ្ធបរិស័ទនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ។
តាមរបាយការណ៍របស់លោកអភិបាលស្រុកស្អាង បានឱ្យដឹងថា ស្ថានភាពសន្តិសុខសង្គម និងជីវភាពរបស់ប្រជាពលរដ្ឋ ស្រុកស្អាង ខេត្តកណ្ដាល នាពេលបច្ចុប្បន្ន មានលក្ខណៈល្អប្រសើរ ក្នុងនោះវិស័យព្រះពុទ្ធសាសនា មាន៣៦វត្ត វត្តធម្មយុត្តិ មាន២វត្ត មានការវិវត្តន៍រីកចម្រើន គួរឱ្យកត់សំគាល់ ដូចជា ព្រះវិហារ សាលាធម្មសភា កុដិ សាលាពុទ្ធិកសិក្សា សាលាឆាន់ ស្រះទឹក ក្លោងទ្វារ និងរបងគ្របទីអារាមវត្ត ត្រូវបានកសាង និងជួសជុលកែលម្អជាបន្តបន្ទាប់ទាំងនេះ ដោយទឹកចិត្តសទ្ធាជ្រះថ្លាពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងសប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស។
លោក ណុប រ័ត្ននិមល បានថ្លែងថា សន្តិភាពដែលទទួលបានមកដោយការលំបាក និងមានការលះបង់ខ្ពស់ពីសំណាក់ស្ថាបនិកគ្រប់រូប នៃនយោបាយឈ្នះឈ្នះ ហើយបាននាំមកនូវការអភិវឌ្ឍ លើគ្រប់វិស័យជូនប្រជាជនទូទាំងប្រទេស និងបានបង្កលក្ខណៈឱ្យពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាព ក្នុងការប្រកបរបរចិញ្ចឹមជីវភាពដោយភាពសុខសាន្ត រស់នៅប្រកបដោយភាពថ្លៃថ្នូរ មានឱកាសប្រារព្ធធ្វើបុណ្យទាន និងគោរពប្រតិបត្តិសាសនានានាតាមជំនឿ។
ការដង្ហែអង្គកឋិនទាន មកវេរប្រគេនព្រះសង្ឃ វត្តសាលាអណ្តែត នាពេលនេះ គឺដោយសារសុខសន្តិភាព ដែលផ្តើមឡើងដោយកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ដើម្បីចូលរួមចំណែកជួយទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
លោកបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា និងដឹងគុណសន្តិភាព ពីព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់មនុស្សជាតិលើពិភពលោក និងការពារសុខមាលភាពជៀសឲ្យបានពីជំងឺកូវីដ១៩។
ក្នុងឱកាសនោះ លោក ណុប រ័ត្ននិមល និងលោកស្រី បានវេរប្រគេនបច្ច័យសង្កត់ត្រៃយ៍ សម្រាប់កសាងសមិទ្ធផលនានានៅក្នុងវត្តសាលាអណ្តែត សរុបចំនួន ៨៥លាន៥០ម៉ឺនរៀល និង៥០០ដុល្លារ ក្នុងនោះបច្ច័យរបស់កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី មានចំនួន៥០លានរៀល។
ជាមួយគ្នានេះ ក៏បាននាំមកនូវអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនយាយជីតាជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស គ្រូពេទ្យ ក្រុមយុវជន ប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំ ស្រុក គណៈកម្មការអាចារ្យវត្ត និងកងកម្លាំងមានសមត្ថកិច្ច មានក្រណាត់ស ក្រមា និងថវិការមួយចំនួនទៀត៕