(ប៉ៃលិន)៖ នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងសហការី បានចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ដែលបានកើតឡើងកាលពីប៉ុន្មានថ្ងៃកន្លងមកនេះ បង្កឱ្យមានការខូចខាតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងផលដំណាំរបស់ប្រជាពលរដ្ឋនៅទូទាំងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន តែទោះបីជាយ៉ាងណា ក៏មិនទាន់បណ្តាលឱ្យសត្វចិញ្ចឹម ឬប្រជាពលរដ្ឋខ្លួនឯងណាម្នាក់ទទួលរងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។
ការចុះពិនិត្យទឹកជំនន់នេះ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។
ដោយសង្កេតឃើញករណីគ្រោះធម្មជាតិបន្តកើតឡើងនៅ ក្នុងឃុំស្ទឹងត្រង់លោក អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តប៉ៃលិន ព្រមទាំងក្រុមការងារ បានចុះទៅពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងតែបន្តជន់ឡើង នាពេលប៉ុន្មានថ្ងៃកន្លងមកនេះ បង្កឱ្យខូចខាត ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់លំបាកក្នុងការធ្វើដំណើរ និងខូចខាតផលដំណាំដាំដុះរបស់ប្រជាពលរដ្ឋនៅទូទាំងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។
លោកក៏បានយកចិត្តទុកដាក់ ចុះទៅពិនិត្យ និងណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព ក៏ដូចជារក្សាការប្រុងប្រយ័ត្នចំពោះទឹកជំនន់ដែលកំពុងកើតឡើងនេះ។ តែរហូតមកដល់ពេលនេះ មិនទាន់បណ្តាលឱ្យបងប្អូនកូនក្មួយប្រជាពលរដ្ឋណាម្នាក់ ទទួលរងគ្រោះថ្នាក់ទៅលើសត្វចិញ្ចឹម ឬផលដំណាំធ្ងន់ធ្ងរនោះឡើយ៕
លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ចំពោះជំនន់ទឹកភ្លៀងក្នុងខេត្តរបស់ខ្លួន ហើយបើសិនជាមានសភាពការអ្វី មិនស្រួលមកលើខ្លួន និងក្រុមគ្រួសារនោះ សូមឱ្យរាយការណ៍ជូនក្រុមការងារប្រចាំឃុំសង្កាត់ និងអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានការជួយសង្គ្រោះទាន់ពេលវេលាផងដែរ៕