(ស្វាយរៀង)៖ សាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តស្វាយរៀងដឹកនាំដោយលោក ផឹង និលប្រធានសាខា នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ បានសហការ ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះពិនិត្យគ្រឿងឧបភោគបរិភោគចំនួន៣២គំរូ រកឃើញ ទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ដែលតាំងលក់នៅតាមផ្ទះ អាជីករលក់ចាប់ហួយនៅផ្សារដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
លោក ផឹង និល បានឲ្យដឹងថា សកម្មភាពការងារត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអារហាចំនួន៣២គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ដូចជាទឹកដោះគោខាប់ចំនួន ២៤កំប៉ុង នំក្តាមចំនួន៦០ កញ្ចប់ ម៉្សៅស៊ុបចំនួន១៥កញ្ចប់ ទឹកសៀងចំនួន១១ដប ផ្សិតកំប៉ុងចំនួន១០កំប៉ុង ទឹកក្រូចម៉ាក FANTA ចំនួន១០ដប សាប៊ូខាត់ស្បែកចំនួន១៥ដប ហើយមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុ ដកហូតទំនិញទាំងនោះ យកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។
លោកបានបញ្ជាក់ថា មុខទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់នោះ បើយកទៅបរិភោគអាចនឹងធ្វើឱ្យរាគរួស ក្អួតចង្អោរ ខូចក្រលៀន ក្រពះ និងឧស្សាហ៍ វិលមុខ បណ្ដាលឲ្យចុះអន់ថយនូវកម្លាំង និងបង្កឲ្យសុខភាពចុះខ្សោយអាចនឹងមានបញ្ហាដល់អាយុជីវិតទៀតផង។
លោក ផឹង និល បានផ្សព្វផ្សាយ និងអំពាវនាវដល់បងប្អូនអាជីវករ ប្រជាពលរដ្ឋទាំងអ្នកលក់ទាំងអ្នកទិញ មុននឹងទិញរបស់អ្វីមួយទៅបរិភោគសូមពិនិត្យទៅលើកាលបរិច្ឆេទ ប្រើប្រាស់ឲ្យបានច្បាស់លាស់៕