(ស្វាយរៀង)៖ មុខសញ្ញាជួញដូរ រក្សាទុក ដឹកជញ្ជូនគ្រឿងញៀន និងប្រើប្រាស់ចំនួន៤នាក់ (ស្រីម្នាក់) រួមជាមួយនិងវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ។
ប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀននេះ បានធ្វើឡើងក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទូលផែនការងារប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រូលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោក សុខ កែវ បណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា កាលពីថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០២០កន្លងទៅ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ក្រុងស្វាយរៀង និងមានកិច្ចសហការល្អជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅ១ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ រក្សាទុកដឹកជញ្ជូនគ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៤នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន២៧កញ្ចប់, ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង ទូរសព្ទ័ដៃ០៣គ្រឿង រួមជាមួយឧបករណ៍ជក់ប្រើប្រាស់ និងសម្ភារវេចខ្ចប់មួយចំនួនទៀត៕