(កណ្ដាល)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ បានមានប្រសាសន៍បញ្ជាក់សារជាថ្មីម្ដងទៀតថា ជាទម្លាប់របស់សម្ដេចមិនពាក់វ៉ែនតាខ្មៅ និងក្រវ៉ាត់កពណ៌ក្រហមនោះឡើយ ពេលចូលគាល់ព្រះមហាក្សត្រ ឬចូលរួមពិធីផ្សេងៗ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រឡើយ។
ក្នុងឱកាសអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការរៀបចំខ្លួនបែបនេះ គឺជាការគោរពសម្រាប់ព្រះមហាក្សត្រ។
ការមានប្រសាសន៍បែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីសម្ដេចបានបង្ហោះសារសូមព្រះរាជទានទោស ចំពោះកំហុសដោយអចេតនារបស់សម្តេច ដែលប្រើវ៉ែនតាខ្មៅ ក្នុងពេលដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ យាងចេញទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ម្សិលមិញ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ជាទម្លាប់របស់ខ្ញុំជាមួយព្រះមហាក្សត្រ ទី១៖ អត់ប្រើវ៉ែនតាខ្មៅ ហើយមិនថាតែជាមួយ ព្រះមហាក្សត្រទេ ជាមួយប្រជាពលរដ្ឋក៏ដោយខ្ញុំអត់ប្រើវ៉ែនតាខ្មៅទេ, ទី២៖ ខ្ញុំមិនប្រើក្រវ៉ាត់កពណ៌ក្រហម ក្នុងការចូលគាល់ព្រះមហាក្សត្រ ឬហ្លូងម៉ែនោះទេ។ ចំណាំមើលចុះ នៅពេលដែលខ្ញុំចូលគាល់ព្រះមហាក្សត្រ ខ្ញុំមិនដែលពាក់សម្លៀកបំពាក់ឆើតឆាយនោះទេ»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំង និងសូមព្រះរាជទានទោសចំពោះអង្គព្រះមហាក្សត្រ និងហ្លូងម៉ែ ចំពោះកាយវិការដោយអចេតនានេះ។ បើតាមការលើកឡើងរបស់សម្ដេចតេជោ ភ្លាមៗបន្ទាប់ពីដឹងកំហុសនេះ សម្ដេចបានបានសូមព្រះរាជទានទោស ពីព្រះអង្គតាម Whatsapp ផងដែរ ហើយមិនអស់ចិត្តសម្តេចក៏បានបង្ហាញសូមព្រះរាជទានទោស ពីព្រះមហាក្សត្រតាម Facebook បន្ថែមទៀត។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីម្សិលមិញ តាមរយៈ Facebook ផ្លូវការរបស់សម្តេចបានបង្ហោះសារ សូមព្រះរាជទានទោស ចំពោះកំហុសដោយអចេតនារបស់សម្តេច ដែលប្រើវ៉ែនតាខ្មៅ ក្នុងពេលដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ យាងចេញទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
សម្តេចតេជោ ហ៊ុន សែន បានសរសេរសារសូមព្រះរាជទានទោសយ៉ាងដូច្នេះថា «ថ្ងៃនេះទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំបានធ្វើនៅកំហុស ដោយអចេតនាមួយ។ នោះគឺការប្រើវ៉ែនតាពណ៌ខ្មៅក្នុងពេលដង្ហែព្រះមហាក្សត្រ និងហ្លួងម៉ែយាង ចេញទៅសាធារណរដ្ឋប្រជាមានិតចិន នៅព្រលានយន្តហោះពោចិនតុង។ នេះមិនមែនជាទម្លាប់ខាងពិធីការរបស់ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំឡើយ តែដោយសារភ្នែកចាញ់ពន្លឺថ្ងៃ ក៏មិនបានដូរវ៉ែនតាសជំនួសវិញ។ ទួលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមព្រះរាជទោស ចំពោះព្រះអង្គទាំងទ្វេ និងសូមអភ័យទោសពីបងប្អូនជនរួមជាតិចំពោះកំហុសដោយអចេតនានេះ»។
សូមរំលឹកថា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ ព្រះមហាវររាជមាតាជាតិខ្មែរ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាព៕