(បន្ទាយមានជ័យ)៖ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានបញ្ជាក់ថា សិស្សានុសិស្ស នៅវិទ្យាល័យអូរជ្រៅ ក្រុងប៉ោយប៉ែត អាចបន្តការសិក្សាបានឡើងវិញ ក្រោយជំនន់ទឹកភ្លៀងបានស្រកអស់។

ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ដោយសារបញ្ហាគ្រោះធម្មជាតិបណ្តាលមកពីភ្លៀងបានធ្លាក់ជាប់ៗគ្នា ជាច្រើនមេ ធ្វើឱ្យទីតាំងមួយចំនួនក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត រងផលប៉ះពាល់ ក្នុងនោះរួមទាំងវិទ្យាល័យអូជ្រៅផងដែរ។

ដោយមើលឃើញពីការលំបាករបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងវិទ្យាល័យអូរជ្រៅ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារមន្ត្រីរដ្ឋបាលក្រុង អាជ្ញាធរមូលដ្ឋានសង្កាត់ប៉ោយប៉ែត ព្រមទាំងកម្លាំងប្រជាការពារភូមិ នាំយកគ្រឿងចក្រផ្ទាល់ខ្លួន ចុះកាយប្រឡាយបើកមុខទឹកជាច្រើនកន្លែង ដើម្បីពន្លឿនចរន្តទឹកហូរចេញឱ្យឆាប់ស្រក អស់ពីតាំងវិទ្យាល័យ និងតំបន់មួយចំនួនផ្សេងទៀតក្នុងក្រុងប៉ោយប៉ែត។

ជាក់ស្តែង នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ទឹកបានស្រកអស់ស្ទើរតែ១០០% ប្រសិនបើភ្លៀងមិនបន្តធ្លាក់ថែមហើយថែមទៀតនោះ សិស្សានុសិស្សអាចបន្តការសិក្សាបានដោយរលូន។

ជាមួយគ្នានោះ បើយោងតាមការឱ្យដឹងពីក្រុមការងារមន្ត្រីរដ្ឋបាលក្រុង ក្នុងនាមជាអាជ្ញាធរ នៅតែបន្តកិច្ចខិតខំប្រឹងប្រែងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធលូបង្ហូរទឹកឱ្យបានប្រសើរមួយ កម្រិតបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែត៕