(ពោធិ៍សាត់)៖ លោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញឱ្យអាជ្ញាធរ និងមន្រ្តីខេត្តពោធិ៍សាត់គ្រប់ជាន់ថ្នាក់ បន្តការខិតខំប្រឹងប្រែងថែមទៀត ដើម្បីបង្កើនការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និង ជីវភាពរបស់ប្រជាពលរដ្ឋ។ ការជំរុញរបស់លោក ប៉ុល លឹម ធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥ និង លើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៦ របស់សាលា ខេត្តពោធិ៍សាត់នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦។
លោក ប៉ុល លឹម ក្នុងនាមជាតំណាង របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកត់សម្គាល់ថា អ្វីដែលមានភាពលេចធ្លោរសម្រាប់សាលាខេត្តពោធិ៍សាត់ គឺការបន្តពង្រឹងកិច្ចអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និង កម្មវិធី ៣ឆ្នាំរំកិល ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាពប្រសិទ្ធភាព ដែលលទ្ធផលទាំងនេះ កើតចេញពីកម្លាំងសាមគ្គី និង បានរួមចំណែកក្នុងការចូលរួម ថែរក្សាសន្តិភាពស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម។
ដើម្បីបន្តថែរក្សានូវសមិទ្ធផលទាំងនោះ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល លោក ប៉ុល លឹម បានផ្តល់អនុសាសន៍មួយចំនួន ដល់អាជ្ញាធរខេត្ត មានដូចជា៖ ការបន្តរួមគ្នាទទួលខុសត្រូវ ក្នុងការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សង្គម, មន្ត្រីរាជការត្រូវលើកកម្ពស់វប្បធម៌ទទួលខុសត្រូវក្នុងភារកិច្ច មានភក្តីភាព មានមនសិការវិជ្ជាជីវៈ គោរពច្បាប់ វិន័យបទបញ្ជា និង គោលការណ៍របស់រដ្ឋ។ ជាពិសេសបន្តអនុវត្តន៍គោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានតម្លាភាព គុណភាព ប្រសិទ្ធភាព សម្របសម្រួល និងយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លី បង្ការទប់ស្កាត់បទល្មើសនេសាទ ព្រៃឈើ ឱ្យកាន់តែម៉ឺងម៉ាត់ កុំឱ្យរីករាលដាល។
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា រយៈពេល២ថ្ងៃ នៃសន្និបាត បានស្តាប់របាយការណ៍ប្រចាំឆ្នាំ របស់រដ្ឋបាលខេត្ត អំពីវឌ្ឍនភាព និង បញ្ហាប្រឈម បានពិភាក្សាទៅលើប្រធានបទសំខាន់ៗ និង បញ្ហាមួយចំនួន ពាក់ព័ន្ធភាពចន្លោះប្រហោងក្នុងការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន។ ជាទូទៅសន្និបាតបានប្រព្រឹត្តទៅដោយភាពរលូន និង មានការចូលរួមផ្តល់យោបល់បំពេញបន្ថែម កែសម្រួលនូវខ្លឹមសាររបាយការណ៍ផងដែរ ។
លោក ប៉ុល លឹម បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្ត សម្រេចបានសមិទ្ធិផលផ្លែផ្កាជាច្រើនជូនជាតិ និង ប្រជាពលរដ្ឋក្នុងឆ្នាំ២០១៥កន្លងមក។
ជាមួយគ្នានោះដែរ លោក ប៉ុល លឹម បានបំពាក់គ្រឿងឥស្សរិយយសជួនមន្រ្តី ដែលមានស្នាដៃល្អចំនួន ៦៨រូប ក្នុងនោះ មានមេដាយ មាស២៣ ប្រាក់០៨ សំរិទ្ធ៣៧៕