(ស្វាយរៀង)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្ដីសម្រេចទទួលស្គាល់ អ្នកសង្កេតការណ៍ជាតិ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង សរុបទាំងថ្នាក់ខេត្ត ក្រុងស្រុកឃុំសង្កាត់ចំនួន ២២៥នាក់ (ស្រី៩៤នាក់) ក្នុងនោះរចនាសម្ព័ន្ធក្បាលម៉ាស៊ីនចល័តថ្នាក់ខេត្តមានចំនួន៣៧នាក់ សម្រាប់ដឹកនាំគ្រប់គ្រង សម្របសម្រួលដល់អ្នកសង្កេតការណ៍ជាតិ សសយក ចុះសង្កេតការណ៍នៅតាមការិយាល័យចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២០ តាមឃុំ-សង្កាត់ទាំង៨០ ក្នុងក្រុងស្រុកទាំង៨។

នេះបើយោងតាមលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធាន សសយកខេត្ត ប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។

លោក តូច ប៉ូលីវ៉ា បានថ្លែងបន្តថា សកម្មភាពនេះ សសយក ខេត្ត បានចូលរួមយ៉ាងសកម្មក្នុងការប្ដេជ្ញាចិត្តខ្ពស់ មានឆន្ទៈមោះមុត លះបង់ពេលវេលា ស្ម័គ្រចិត្តចូលរួមចំណែក ក្នុងការចុះសង្កេត ការណ៍ចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៅតាមការិយាល័យរបស់ខ្លួនក្នុងឃុំ-សង្កាត់ទាំង៨០ នៃក្រុងស្រុកទាំង៨ ដើម្បីឃ្លាំមើល និងសរសេរជារបាយការណ៍ពីដំណើរការ នៃការចុះឈ្មោះ ដើម្បីធានាបាននូវបញ្ជីឈ្មោះបោះឆ្នោតកាន់តែមានសុក្រឹត្យភាព ជាពិសេសជាសាក្សីមួយដែលធានាបានថា កិច្ចការងារបោះឆ្នោតនេះ ប្រព្រឹត្តទៅបានដោយរលូន សេរី ប្រជាធិបតេយ្យ ហើយប្រទេកម្ពុជាអាចរៀបចំបានយ៉ាងល្អ ដោយមិនចាំបាច់មានការជួយជ្រោមជ្រែងពីជនបរទេស ក្រោមពាក្យស្លោក «ខ្មែរធ្វើបាន»

លោកបានបន្ថែមថា «ដោយស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវ ក្នុងការចូលរួមចំណែកការងារ ក៏ដូចជាបុព្វជាតិ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានកោតសរសើរនូវទឹកចិត្តដ៏ល្អរបស់បងប្អូនអ្នកសង្កេតការណ៍ សសយក ខេត្តស្វាយរៀង ក្នុងការចុះសង្កេតការណ៍ចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២០ ដែលចាប់ដំណើរការពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០»