(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចកំណត់យកទីតាំងស្តុកសំរាមបណ្តោះអាសន្ន ចំនួន៤កន្លែង ដើម្បីងាយស្រួលលើការគ្រប់គ្រងសំណល់សំរាម និងសម្រេចជ្រើសរើសកម្មករ ចំនួន៤៥នាក់ សម្រាប់ប្រមូលរាល់កាកសំណល់សំរាម នូវទូទាំងក្នុងភូមិសាស្ត្រសង្កាត់ទាំង៧។

ការសម្រេចរបស់អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដោះស្រាយបញ្ហា (កកស្ទះសំរាម) ដោយមានការចូលរួមពីគណៈអភិបាលរងខណ្ឌ ចៅសង្កាត់ និងប្រធាន អនុប្រធានតាមបណ្ដាការិយាល័យជុំនាញជុំវិញខណ្ឌ ផងដែរ នៅសាលាខណ្ឌ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។

ក្នុងកិច្ចប្រជុំបន្ទាន់នេះ លោក ជា ពិសី បានសង្កត់ធ្ងន់លើការជ្រើសរើសកម្មករ ចំនួន៤៥នាក់ ដើម្បីប្រមូលរាល់កាកសំណល់សំរាម នូវទូទាំងក្នុងភូមិសាស្ត្រសង្កាត់ទាំង៧ ក្រៅពីសម្រេចកំណត់យកទីតាំងស្តុកសំរាមបណ្តោះអាសន្ន ចំនួន៤កន្លែង ដើម្បីងាយស្រួលលើការគ្រប់គ្រងសំណល់សំរាមរួមមាន៖

*ទីតាំងដីទំនេរមុខសាលាអន្តរជាតិ ប៊ែលធី សម្រាប់សង្កាត់ទួលសង្កែទី១
*ទីតាំងដីក្នុង អតីតរោងចក្រ (ដាយយាំង) សម្រាប់សង្កាត់ឫស្សីកែវ
*សង្កាត់គីឡូម៉ែត្រលេខ៦ និងទីតាំងដីចំណតរថយន្ត គីឡូម៉ែត្រលេខ៩ សម្រាប់សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២
*ទីតាំងដីជិត សាលាបឋមសិក្សា ជាស៊ីម ចំរើនរដ្ឋ សម្រាប់សង្កាត់ស្វាយប៉ាក ក្នុងការធានាបានគុណភាពបរិស្ថានសោភ័ណភាព និងសុខភាព សាធារណៈ៕