(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បើទោះបីជាបុគ្គលិកក្រុមហ៊ុន ស៊ិនទ្រី ធ្វើកូដកម្មមិនចេញប្រមូលសំរាមក៏ដោយនោះ តែសម្រាប់ផ្សារដើមគរ ខណ្ឌទួលគោក គណៈកម្មការផ្សារ បានចេញចំណាត់ការភ្លាមៗ និងជាបន្តបន្ទាប់ដឹកសំរាមចេញ មិនឲ្យមានការគរទុកចោលនោះទេ។

ក្រោមចំណាត់ការរបស់អភិបាលរាជធានីភ្នំពេញ ដែលបានបញ្ជូនមធ្យោបាយដឹកជញ្ជូន រួមនិងគ្រឿងចក្រ, កម្លាំងគណៈកម្មការផ្សារ បានរក្សាស្ថានភាពមិនឲ្យបញ្ហាសំរាមប៉ះពាល់ដលើការលក់ដូរ ចំពោះបងប្អូនអាជីវករនោះទេ។ ម្យ៉ាងទៀតសំរាមក្នុងដេប៉ូទាំងអស់ត្រូវបានដឹកចេញជាស្ថាពរតាមការគ្រោង។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានអំពាវនាវឱ្យកម្មករប្រមូលសំរាមចូលធ្វើការងារជាធម្មតាវិញ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងផ្តល់ប្រាក់អតីត ភាពការងារ ទៅតាមដំណាក់កាល ហើយកម្មករនៅតែទទួលបានឱកាសការងារថ្មីនៅពេលក្រុមហ៊ុនចំនួន៣ បើកប្រតិបត្តិការប្រមូលសំរាម។

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារទីចាត់ការសាលាបឋមសិក្សាសន្ឋរម៉ុក នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង បានលើកឡើងថា នៅប៉ុន្មានថ្ងៃនេះ មានការកកស្ទះសំរាម ដោយសារកម្មករក្រុមហ៊ុន ស៉ីទ្រី បានធ្វើកូដកម្មទាមទារប្រាក់អតីតភាព ដែលចំណុចនេះក្រសួងការងារ បានជម្រាបជូនថា ប្រាក់អតីតភាពក្រសួងនឹងផ្តល់ជូនតាមដំណាក់កាល ខណៈដែលកម្មករទាំងអស់នោះ សុំបើកប្រាក់នោះផ្តាច់តែម្តងហើយឈប់ធ្វើការ។

លោកបន្តថា ការទាមទារបែបនេះ ដោយសារពួកគាត់យល់ថា នៅថ្ងៃអនាគតដ៏ខ្លីនេះរដ្ឋបាលរាធានីភ្នំពេញ នឹងធ្វើការដេញថ្លៃយកក្រុមហ៊ុនចំនួន៣ មកប្រតិបត្តិការប្រមូលសំរាម ហើយគាត់គិតថា គាត់មិនបានចូលធ្វើការងារបន្ត។

ក្នុងករណីនេះ លោកអភិបាលបានផ្ញើសារជូនកម្មករកម្មការិនីទាំងអស់ថា ការបង្កើតឱ្យមានក្រុមហ៊ុនប្រមូលសំរាមចំនួន ៣តំបន់នេះ គឺដើម្បីធ្វើយ៉ាងណាឱ្យការសំរាមក្នុងរាជធានីភ្នំពេញ មានភាពលឿនរហ័សបញ្ចៀសការកកស្ទះ ខណៈដែលក្រុមហ៊ុនទាំងអស់នោះ នឹងយកកម្មកររបស់ក្រុមហ៊ុនស៉ីទ្រី ដែលមានការជួយពីរដ្ឋបាលរាជធានីភ្នំពេញមកបំរើការងារដ៏ដែរ៕