(ភ្នំពេញ)៖ លោកឯកអគ្គរាជទូត ផាប្ល៉ូ កាង តំណាងឲ្យស្ថានទូតអូស្តា្រលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងាររបស់លោក ធ្វើទស្សនកិច្ចទៅកាន់ «បណ្ណាល័យសម្តេចម៉ែ» នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។
បន្ទាប់ពីសម្តែងគារវកិច្ចទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូកិត្តិយស លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រុមការងាររបស់លោក បានធ្វើបទបង្ហាញយ៉ាងលម្អិតអំពីពិព័រណ៍សំខាន់ៗទាំង២ របស់«បណ្ណាល័យសម្តេចម៉ែ» គឺពិព័រណ៍អំពីព្រះឆាយាលក្ខណ៍របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងពិព័រណ៍អំពីប្លង់រចនាអគារវិទ្យាស្ថានស្លឹករឹត។ លោកស្រី សូ ហ្វារីណា បានណែនាំដល់ភ្ញៀវកិត្តិយស អំពីមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម នៅតាមបណ្តាខេត្តទាំង៦។
លោក ឆាំង យុ ក៏បានបង្ហាញដល់ប្រតិភូនូវបណ្ណាល័យសម្តេចម៉ែ ដែលមានផ្ទុកឯកសារប្រមានជាង ១,៧លានសន្លឹក និងបណ្ណសារក្នុងទម្រង់ផ្សេងៗ ប្រមែប្រមូលដោយក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា អស់រយៈពេលជាង ២៥ឆ្នាំកន្លងមក ព្រមទាំងបណ្ណសារថ្មីបន្ថែមទៀត ដែលជាការបរិច្ចាគដ៏សប្បុរសរបស់ឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ អេ. ជែលដ្រេស ដល់មជ្ឈមណ្ឌលឯកសារកម្ពុជា កាលពីចុងឆ្នាំ២០១៩។
សមុច្ច័យ (ការសន្សំ) ដែលឯកអគ្គរាជទូតបណ្ឌិត ជែលដ្រេស រួមបញ្ជូល សៀវភៅកំណត់ហេតុ ឯកសារផ្ទាល់ខ្លួន និងឯកសារការទូតជាច្រើនអនេក ស្តីពីប្រវត្តិសាស្ត្រនាពេលថ្មីរបស់កម្ពុជា ដែលបានមកពីប្រទេសអូស្ត្រាលី និងប្រទេសដទៃទៀត។ សមុច្ច័យខាងលើ ក៏រួមមាន ស៉ីឌី ថាសចម្រៀង និងឯកសារក្នុងទម្រង់ផ្សេងៗដែលមានទម្ងន់សរុបជាង ១៥៨០គីឡូក្រាម។ សមុច្ច័យទាំងអស់ គឺសុទ្ធសឹងជាសមិទ្ធផលនៃការចងក្រងឯកសារ និងការស្រាវជ្រាវផ្ទាល់ខ្លួនរបស់លោកឯកអគ្គរាជទូតបណ្ឌិត ជែលដ្រេស ក្នុងរយៈកាលជាច្រើនទសវត្សរ៍កន្លងមក។
លោកឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ អេ. ជែលដ្រេស ជាជនជាតិអូស្រ្តាលី មានដើមកំណើតនៅប្រទេសឈីលី។ លោក គឺជាលេខាផ្ទាល់របស់ទ្រង់ ចាប់ពីឆ្នាំ១៩៨១រហូតដល់ឆ្នាំ១៩៩១ និងគឺជាអតីតអ្នកសរសេរព្រះរាជជីវប្រវត្តិ របស់សម្តេចព្រះបរមរតនកោដ្ឋ ចាប់តាំងពីឆ្នាំ១៩៩៣។ លោកឯកអគ្គរាជទូត បានបោះពុម្ពស្នាដៃស្រាវជ្រាវជាច្រើន ទាក់ទងនឹងព្រះរាជវង្សានុវង្សកម្ពុជា និងព្រមទាំងបន្តកិច្ចការស្រាវជា្រវបន្ថែមទៀតរបស់លោក លើប្រធានបទខាងលើ។
លោក ឆាំង យុ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបរិច្ចាគដ៏ថ្លៃថ្លារ បស់លោកឯកអគ្គរាជទូតបណ្ឌិត ដោយលើកឡើងថា៖ «ការបរិច្ចាគនេះមិនមែនត្រឹមតែជាអំណោយផ្នែកចំណេះដឹង ដ៏វិសេសវិសាលមួយប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងជាការបរិច្ចាគមួយ សម្រាប់អនាគតនៃការអប់រំ និងការសិក្សាស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជាដែរ»។
លោកបានបន្តថា បណ្ណាល័យ សាលារៀន និងមជ្ឈមណ្ឌលឯកសារស្រាវជ្រាវសព្វថ្ងៃ គឺជា «ថ្នាលបណ្តុះគ្រាប់ពូជសម្រាប់អនាគតនៃប្រទេសកម្ពុជា»។
តាមរយៈទស្សនកិច្ច និងកិច្ចពិភាក្សាលើប្រធានបទនានាជុំវិញការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ប្រតិភូបានបង្ហាញអំពីការកោតសរសើរ និងសេចក្តីពេញចិត្តយ៉ាងក្រៃលែង។
តំណាងឲ្យប្រតិភូកិត្តិយស និងស្ថានទូតអូស្រ្តាលី លោកឯកអគ្គរាជទូត ផាប៉្លូ កាង បានផ្តល់ជាចំណារអនុស្សាវរីយ៍លើសៀវភៅក្រាំងមាសរបស់ «បណ្ណាល័យសម្តេចម៉ែ» ដែលមានសេចក្តីដូចតទៅ៖
«នេះជាកិត្តិយស និងបទពិសោធន៍ដ៏ប្រសើរសម្រាប់រូបខ្ញុំ និងបុគ្គលិករបស់ខ្ញុំ ដែលបានមកទស្សនា បណ្ណាល័យសម្តេចម៉ែ និងបានស្តាប់ព័ត៌មានលម្អិតបន្ថែម អំពីការងារដ៏មានសារសំខាន់បន្តបន្ទាប់របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងការចងក្រងប្រវត្តិសាស្ត្រកម្ពុជា សិក្សាពីអតីតកាល និងសញ្ចឹងទៅកាន់អនាគតប្រកបដោយភាពវិជ្ជមាន។ ខ្ញុំក៏មានសេចក្តីស្ញប់ស្ញែង ដោយបានដឹងថា មជ្ឈមណ្ឌលឯកសារកម្ពុជា បានសហការជាមួយនឹងស្ថាប័នសិក្សា និងនិស្សិតអន្តរជាតិជាច្រើន។ ខ្ញុំរំពៃចំពោះការចូលរួមយ៉ាងសស្រាក់សស្រាំ ពីស្ថានទូតរបស់យើងនាពេលអនាគតដ៏ខ្លីខាងមុខ»៕