Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប មានយន្តការចំនួន៣ ពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០

06-10-2020 18:14

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា ខ្លួនមានយន្តការចំនួន៣ អំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបានឲ្យដឹងថា គ.ជ.ប បានរៀបចំយន្តការការងារជាមួយភាគីពាក់ព័ន្ធចំនួន៣ ដើម្បីតាមដាន និងពិនិត្យអំពីវឌ្ឍនភាពនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដែលមានដូចខាងក្រោម៖

១៖ យន្តការនៃកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធជាប្រចាំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់រាជធានី ខេត្ត ក្នុងគោលបំណងកំណត់បញ្ហាប្រឈម និងរួមគ្នារកដំណោះស្រាយ។

២៖ យន្តការទំនាក់ទំនងតាមរយៈលិខិតរដ្ឋបាល ក្នុងករណីភាគីពាក់ព័ន្ធរកឃើញថាមានភាពចន្លោះប្រហោងដោយប្រការណាមួយ ឬភាពមិនប្រក្រតីផ្សេងៗ ភាគីពាក់ព័ន្ធអាចប្រើយន្តការទី២នេះ ដើម្បីលើកឡើងនូវបញ្ហាទាំងនោះជាលាយលក្ខណ៍អក្សរមក គ.ជ.ប សុំការបំភ្លឺ ឬចាត់វិធានការកែលម្អសមស្រប។

៣៖ ក្នុងករណីមានការប្រព្រឹត្តអំពើបំពានលើបទប្បញ្ញត្តិនៃច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត (ច.ប.ត.រ) ជំពូកទី១០ ឬ/និងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ភាគីពាក់ព័ន្ធអាចប្រើយន្តការទី៣ ដែលជាយន្តការដាក់ ទទួល និងដោះស្រាយពាក្យបណ្តឹងតាមឋានានុក្រម និងតាមទម្រង់បែបបទ រយៈពេល និងនីតិវិធីដែលកំណត់ដោយ គ.ជ.ប ។

គ.ជ.ប ស្នើសុំគ្រប់ភាគីពាក់ព័ន្ធចូលរួមពង្រឹងសុចរិតភាពនៃទំនាក់ទំនងការងារជាមួយ គ.ជ.ប តាមរយៈការប្រើប្រាស់យន្តការទាំង៣ ខាងលើនេះ៕