(បន្ទាយមានជ័យ)៖ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីជំនាញ កំពុងរកវិធីកាយទឹកឲ្យធ្លាក់មកក្រោម ដើម្បីបញ្ជៀសការលិចលង់ភូមិឋានរបស់ប្រជាពលរដ្ឋ ដោយសារទឹកធ្លាក់មកពីប្រទេសថៃ បូករួមនឹងជំនន់ទឹកភ្លៀងផង។

លោកអភិបាលក្រុងបានបញ្ជាក់ថា គ្រោះធម្មជាតិមួយនេះនឹងធ្វើឲ្យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្រុងប៉ោយប៉ែត ត្រូវបានកាត់ផ្តាច់ទាំងស្រុង និងប្រព័ន្ធលូកកស្ទះហូរពុំទាន់។

លោក គាត ហ៊ុល និងលោក សុខ ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីជំនាញកំពុងរកវិធីយកម៉ៃខូកាយទឹកឲ្យធ្លាក់មកក្រោម ដើម្បីបញ្ជៀស នៃការលិចលង់របស់ប្រជាពលរដ្ឋបន្តផងដែរ។

លោក សុខ ចាន់ បានប្រាប់ឲ្យដឹងថា តាមផ្លូវជាតិលេខ៥៨ ជុំវិញតំបន់ស្ទឹងបត់ កាយបើកមុខព្រោះទឹកវាហូរចាក់ពីក្រុងប៉ោយប៉ែតមក។ លោក គាត ហ៊ុល បានអំពាវនាវឲ្យបងប្អូនរស់នៅ តាមតំបន់ទឹកលិច សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅ ពេលទឹកជំនន់កំពុងហក់ឡើងខ្លាំង។

ក្រោយពីចុះពិនិត្យមើលស្ថានភាពទឹកនៅចំណុចផ្លូវជាតិលេខ៥៨ ជុំវិញតំបន់ស្ទឹងបត់ អាជ្ញាធរបានរៀបចំមធ្យោបាយបង្ការ សង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព សុវត្ថិភាពបណ្ដោះអាសន្នសិន។ ជាមួយគ្នានេះដែរ ដើម្បីចៀសផុតពីគ្រោះថ្នាក់ជាយថាហេតុ សូមបងប្អូនទាំងអស់បង្កើនការប្រុងប្រយ័ត្នចំពោះកូនចៅ ហើយពិសេសត្រូវប្រុងប្រយ័ត្ន ចំពោះសត្វអសិរពិសផ្សេងៗទិច ឬខាំ៕