អាមេរិក៖ លោក Mark Zuckberberg សហស្ថាបនិក និងជានាយកប្រតិបត្តិ Facebook បានប្រកាសនៅលើ Facebook Page របស់លោកថា នៅពេលនេះថ្ងៃនេះ ចំនួនអ្នកប្រើប្រាស់ WhatsApp បានកើនឡើងដល់ ១ពាន់លាននាក់ មានន័យថាត្រឹមតែជាង ១សប្ដាហ៍ប៉ុណ្ណោះ អ្នកប្រើ WhatsApp បានកើនរហូតដល់ ១០០លាននាក់។
មហាសេដ្ឋីលំដាប់ទី៦របស់ពិភពលោករូបនេះ បានសាទរចំពោះលោក Brian Acton និង Jan Koum ដែលជាសហស្ថាបនិក WhatsApp។ លោក Mark Zuckberberg បានបញ្ជាក់ថា ចាប់តាំងពី Facebook ទិញយក WhatsApp មកចំនួនអ្នកប្រើបានកើនឡើង ទ្វេដងរៀងរាល់ត្រីមាស រហូតដល់ពេលនេះ បានកើនដល់ ១ពាន់លាននាក់។
នៅសប្ដាហ៍មុននេះ Mark Zuckerberg បានប្រកាសនៅលើ Facebook Page លោកថា ចំនួនអ្នកប្រើប្រាស់ Facebook បានកើនឡើងដល់ ១,៥៩ពាន់លាននាក់, ចំនួនអ្នកប្រើកម្មវិធី Facebook Messenger កើនឡើងដល់ ៨០០លាននាក់ និងចំនួនអ្នកប្រើបណ្ដាញទំនាក់ទំនងសង្គមរូបភាព Instagram មានអ្នកប្រើប្រាស់កើនឡើងដល់ ៤០០លាននាក់ ខណៈដែល WhatsApp មានត្រឹមតែ ៩០០លាននាក់ប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា WhatsApp ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ ដោយអតីតបុគ្គលិក Yahoo គឺលោក rian Acton និង Jan Koum ប៉ុន្តែក្រោយមកនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ លោក Mark Zuckberberg បានទិញយកក្នុងតម្លៃ ១៩ពាន់លានដុល្លារ ដែលជាតម្លៃ ខ្ពស់ជាងគេបំផុត ហើយនៅពេលនេះ លោក Jan Koum គឺជានាយកប្រតិបត្តិ៕