(ភ្នំពេញ)៖ សម្ដេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាទៅលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ឲ្យដាក់ពិន័យមេឃុំ៣រូប នៅស្រុកអូររាំង និងស្រុកកែវសីមា ពាក់ព័ន្ធនឹងការកាប់រាន និងទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ស្ថិតក្នុងខេត្តមណ្ឌលគិរី។ នេះបើតាមប្រភពព័ត៌មានច្បាស់ការ ពីក្រសួងមហាផ្ទៃ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។

ប្រភពព័ត៌មានច្បាស់ការដដែល បានឲ្យដឹងថា មេឃុំទាំង៣រូប ដែលត្រូវដាក់ពិន័យនេះ ទី១៖ លោកស្រី ថ្វាន់ ត្រែល មេឃុំសែនមនោរម្យ ស្រុកអូររាំង, ទី២៖លោក ពឿប ពេ មេឃុំស្រែព្រះ ស្រុកកែវសីមា និងទី៣៖លោក ប៊ុត សំអ៊ែល មេឃុំស្រែខ្ទុម ស្រុកកែវសីមា។ មេឃុំទាំង៣រូបនេះ ត្រូវអនុវត្តទណ្ឌកម្មវិន័យ ស្របតាមបញ្ញត្តិមាត្រ ៨៤ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។

ក្នុងករណីមិនរាងចាល រដ្ឋបាលខេត្តត្រូវចាត់មន្ដ្រីជាតំណាង ដឹកនាំកិច្ចប្រជុំដើម្បីសម្រេចបញ្ឈប់ពីមុខតំណែង ស្របតាមមាត្រា ៨៤ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដោយពុំទាន់គិតដល់ទោសផ្សេងទៀត។

គួរជម្រាបថា ពាក់ព័ន្ធករណីពាក់ព័ន្ធនឹងការកាប់រាន និងទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ស្ថិតក្នុងខេត្តមណ្ឌលគិរីនេះ អភិបាលស្រុកកោះញែក លោក ស៉ិន វណ្ណវុឌ្ឍ ក៏ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យផ្លាស់ប្ដូរភារកិច្ចផងដែរ ដោយតែងតាំងលោក ឌឹម នី ជំនួសវិញ។

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ការសម្រេចដកអភិបាលស្រុក និងដាក់ពិន័យទៅលើមន្រ្តី ពាក់ព័ន្ធការធ្វេសប្រហែសក្នុងការបំពេញតួនាទីរបស់ខ្លួន ឱ្យបានត្រឹមត្រូវ និងពុំបានចូលរួមការពារផលប្រយោជន៍សាធារណៈ និងកេងផលប្រយោជន៍ពីតួនាទីរបស់ខ្លួន បង្កឱ្យមានភាពអនាធិបតេយ្យ និងរំលោភទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋនៅខេត្តមណ្ឌលគីរី ជាការបង្ហាញពីការអនុវត្ត អភិក្រមរបស់សម្តេចនាយករដ្ឋមន្ត្រី «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្បែល ព្យាបាល និងវះកាត់» និងក៏បង្ហាញឱ្យឃើញពីវិធានការដ៏ម៉ឺងមាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តទោសទណ្ឌទៅតាមច្បាប់ចំពោះមន្ត្រីទាំងឡាយ ដែលប្រព្រឹត្តខុសនឹងច្បាប់របស់រដ្ឋ។

នេះគឺជាមេរៀនសម្រាប់មន្ត្រីមួយចំនួនតូច ដែលមិនបម្រើផលប្រយោជន៍ពលរដ្ឋ ដោយស្មោះត្រង់ និងមិនបំពេញតួនាទីភារកិច្ចឱ្យបានត្រឹមត្រូវ នឹងត្រូវប្រឈមមុខដូចគ្នានេះដែរ។ វិធានការនេះក៏ទទួលបាននូវការសាទរពីប្រជាពលរដ្ឋផងដែរ៕

លោក ពឿប ពេ មេឃុំស្រែព្រះ ស្រុកកែវសីមា

លោក ប៊ុត សំអ៊ែល មេឃុំស្រែខ្ទុម ស្រុកកែវសីមា