(ភ្នំពេញ)៖ នៅក្នុងពេលជួបសម្តែងការគួរសមជាមួយ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី៦ ខែតុលា, លោក មីកាមី ម៉ាសាហ៊ិរូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានជំរាបជូនពីជំហរយកចិត្តទុកដាក់របស់រដ្ឋាភិបាលជប៉ុន ដែលកំពុងគិតគូរបន្តយកចិត្តទុកដាក់ជួយដល់កម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឃន៍សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា បើទោះបីជាយើងកំពុងប្រឈមនឹងបញ្ហាកូវីដ-១៩ ដូចប្រទេសនានាលើសកលលោកក៏ដោយ។
លោកអគ្គរាជទូតបានឲ្យដឹងបន្ថែមទៀតថា ជប៉ុនបានត្រៀមរួចជាស្រេចដើម្បីជួយដល់កម្ពុជា ក្នុងវិស័យមួយចំនួនដូចជា វិស័យសុខាភិបាលជាដើម ក្នុងនោះជំនួយទឹកប្រាក់ជា ២៥ពាន់លានយេន គ្រោងរៀបចំចុះហត្ថលេខានាពេលខាងមុខនេះ។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលជប៉ុន កំពុងពិនិត្យរៀបចំការតភ្ជាប់គ្នាឡើងវិញនូវជើងហោះហើរពីជប៉ុនមកកម្ពុជា ពីកម្ពុជាទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីបានអាក់ខានដោយសារកូវីដ-១៩ មកនេះ។
ជាការឆ្លើយតបលោកស្រី ម៉ែន សំអន ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចាត់ទុកប្រទេសជប៉ុន ជាមហាមិត្តដែលបានជួយឧបត្ថម្ភដល់កម្ពុជា តាមរយៈការផ្តល់ ជំនួយឥតសំណង និងប្រាក់កម្ចីសម្បទាន ក្នុងដំណាក់កាលដែលកម្ពុជា ត្រូវការជំនួយដើម្បីស្តារ និងអភិវឌ្ឍន៍ប្រទេស។ ជំនួយដ៏ថ្លៃថ្លារបស់ជប៉ុនបានជួយកម្ពុជា មានការផ្លាស់ប្តូរមុខមាត់ និងបម្រើដល់ប្រជាជនកម្ពុជាទូទៅ។
លោកស្រីកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ក្រៅពីជំនួយលើវិស័យសេដ្ឋកិច្ច សុខាភិបាល និងការជួយស្តារឡើងវិញវិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រព័ន្ធផ្លូវគមនាគមន៍ ជប៉ុនគឺជាប្រទេសមួយដែលបានជួយជ្រោមជ្រែងស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិផ្សះផ្សារជាតិដល់កម្ពុជា នឹងបានឈានទៅដល់មានកិច្ចព្រមព្រាងសន្តិភាក្រុងប៉ារីស២៣ តុលា ១៩៩១ ព្រមទាំងបានដំណើរការបោះឆ្នោតនៅឆ្នាំ១៩៩៣ទៀតផង។
តាមរយៈឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោកស្រី ម៉ែន សំអន បានថ្លែងអំណរគុណ ចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុនដែលបានជួយដល់កម្ពុជា ព្រោះប្រទេសទាំងពីរ បានភ្ជាប់ចំណងទាក់ទងគ្នាតាំងពីថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៥៣ មកម្ល៉េះ។
លោក មីកាមី ម៉ាសាហ៊ិរ៉ូ បានថ្លែងនូវការចាប់អារម្មណ៍ចំពោះការរីកចម្រើននៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសមួយ ដែលធ្លាប់ជួបប្រទះនឹងសង្ក្រាម បែកបាក់ មកជាប្រទេសមានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ពិសេសគឺការរក្សាបានស្ថិរភាព សន្តិភាព និងសន្តិសុខ សណ្តាប់ធ្នាប់ ដែលជាមូលដ្ឋានស្នូលនាំមកនូវការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់របស់កម្ពុជា។
ចុងបញ្ចប់ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសុំឲ្យមានការជួយពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ន ដែលមានបេសកកម្មស្រដៀង និងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាពិសេស វិស័យអធិការកិច្ច និងទប់ស្កាត់អំពើពុករលួយ តាមរយៈផ្លាស់ប្តូរទស្សនកិច្ច និងការបណ្តុះបណ្តាល និងសូមជូនពរឯកឧត្តម ឯកអគ្គរាជទូត ប្រកបដោយសុខភាពល្អបរិបូរណ៍ និងជោគជ័យក្នុងបេសកកម្មការទូតនៅកម្ពុជា៕