(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបង្កើតក្រុមការងារពិសេសមួយ ដើម្បីគាំទ្រ ដល់ការអនុវត្តផ្ទាល់របស់ គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ក្នុងគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ។
ក្រុមការងារពិសេសនេះមាន៖
ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង លោក អ៉ឹម ឈុនលឹម ជាប្រធាន,
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន ជាអនុប្រធានអចិន្ត្រៃយ៍,
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ ជាអនុប្រធាន និងមានសមាជិកចំនួន ១៦រូប មកពីក្រសួងពាក់ព័ន្ធ អភិបាលខេត្តព្រះសីហនុ រួមនិងថ្នាក់ដឹកនាំស្ថាប័នកងកម្លាំងប្រដាប់អាវុធ។
ក្រុមការងារពិសេសនេះ មានភារកិច្ចគាំទ្រដល់ការអនុវត្តផ្ទាល់របស់គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់ខេត្តព្រះសីហនុ នៅចំណុចចំនួន ៥ រួមមាន៖
១. ករណីបឹងព្រែកទប់ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ
២. ករណីឆ្នេរឯករាជ្យស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ
៣. ករណីឆ្នេរអូរត្រេះ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ
៤. ករណីឆ្នេរអូរឈើទាល (ទល់មុខដីក្រុមហ៊ុន សុខា អូតែល អតីតអារីស្តុន) ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ
៥. ករណីឆ្វៀលដីស្បែកខ្លាជូនប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហាសំណង់លើទឹក លើដីចំណីឆ្នេរ និងឆ្នេរខ្សាច់កោះរ៉ុង ស្ថិតនៅសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ។
សម្តេចតេជោ បានបញ្ជាឲ្យក្រុមការងារពិសេសនេះ ធ្វើរបាយការណ៍ជាប្រចាំអំពីសកម្មភាព និងលទ្ធផលការងារជូនគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ធ្វើការបូកសរុប និងរាយការណ៍ជូនរាជរដ្ឋាភិបាល៕