(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឲ្យគណៈកម្មការចំរុះខេត្ត បន្តពន្លឿនដោះស្រាយបញ្ហាក្រុមអាជីវករផ្សារព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ដែលនៅសល់ឱ្យបានឆាប់ចប់ក្នុងជំហានទី២នេះ។
លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម បន្ទាប់ពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារដោះស្រាយទំនាស់របស់អាជីវករផ្សារ ព្រែកដំបូក ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត និងសមាជិកគណៈកម្មការចម្រុះខេត្ត ចុះដោះស្រាយទំនាស់របស់អាជីវករផ្សារ ព្រែកដំបូក រួមជាមួយមន្ត្រីពាក់ព័ន្ធច្រើនទៀត។
លោក ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការចម្រុះខេត្ត ចុះដោះស្រាយទំនាស់នៅផ្សារព្រែកដំបូក បានបញ្ចាក់ថា គណៈកម្មការចម្រុះ បានចុះដោះស្រាយមានចំនួន ១៣លើក ដែលមានអាជីវករសរុបចំនួន ១១៥នាក់ មានតូប/គ្រែចំនួន ១៣៨តូប ក្នុងនោះមានតូបចំនួន៩៣ និងគ្រែចំនួន៤៥។
លោកបន្តថា អាជីវករចំនួន ២៦នាក់ ដែលមានតូបចំនួន២៥ ដែលលោកអភិបាលខេត្ត បានសម្រេចដកហូតប្រគល់ជូនគណៈអាជីវករផ្សារដើម្បីគ្រប់គ្រង មានតែអាជីវក ចំនួន៩នាក់ មាន៩តូប ដែលមិនព្រមប្រគល់ជូនតាមការដកហូត។ ចំណែកអាជីវករចំនួន៣៧នាក់ មានតូប/គ្រែចំនួន៤៧ ព្រមទទួលយកដោយមិនមានការរុះរើ, អាជីវករ ចំនួន៤៧នាក់ មានតូប/គ្រែ ចំនួន៥៧ មិនព្រមទទួលយក ទាមទារឲ្យមានការរុះរើ និងអាជីវករចំនួន០៥នាក់ មានតូប/គ្រែចំនួន០៩ មិនយកជាការ។
ជាមួយគ្នានោះដែរ ក្រុមការងារនៃគណៈកម្មការចម្រុះថ្នាក់ខេត្ត ក៏បានលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈមចំនួន១៤ចំណុច ដើម្បីស្នើសុំគោលការណ៍សម្រេច ដោះស្រាយពីលោកអភិបាលខេត្ត។
ក្រោយបានស្ដាប់របាយការណ៍ និងសំណូមពររបស់ប្រធានគណៈកម្មការចំរុះខេត្តរួចមក លោក អ៊ុន ចាន់ដា បានសម្រេច និងឯកភាពទៅលើការស្នើសុំគោលការណ៍ សម្របសម្រួលរបស់ គណៈកម្មការចម្រុះថ្នាក់ខេត្ត ដោយធ្វើការបែងចែកនូវចំណែកតូបមួយចំនួនដែលត្រូវដកហូត ដើម្បីបែងចែកពង្រីកទទឹងតូប/គ្រែ ដោយរក្សានូវប្លង់ ទីតាំងតូប/គ្រែ និងផ្លូវដើរដដែល និងមិនអនុញ្ញាតឱ្យពង្រីកបន្ថែម ក្រៅអំពីការពិនិត្យដោះស្រាយ និងបានឯកភាពរបស់គណៈកម្មការចម្រុះខេត្ត។
ចំពោះម្ចាស់តូប ចំនួន០៧តូបក្នុងចំណោមតូបទាំង២៥ ដែលត្រូវបានដកហូតកន្លងមកបានមកប្តឹងទាមទារតូប នៅរដ្ឋបាលខេត្ត ហើយកិច្ចការនោះលោកអភិបាលខេត្ត បានប្រគល់ជូន អាជ្ញាធរស្រុកឲ្យបន្តដោះស្រាយជាមួយម្ចាស់តូបទាំងនោះឱ្យបានរួចរាល់ ដោយចាត់ទុកជាតូបដែលខេត្តបានដកហូត។ លោកអភិបាលខេត្ត បានធ្វើការណែនាំដល់គណៈកម្មការចម្រុះខេត្ត ត្រូវបន្តដោះស្រាយនូវបញ្ហាសេសសល់ ក្នុងជំហានទី២បន្តទៀត ឲ្យបានចប់ឲ្យបានឆាប់។
គួររំលឹកថា កាលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា និងលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ ដឹកនាំវេទិកាសាធារណៈជាមួយអាជីវករផ្សារព្រែកដំបូក ដើម្បីដោះស្រាយបញ្ហានេះ។
ពេលនោះ អាជ្ញាធរខេត្តសម្រេចដកហូតតូបចំនួន២៥ ដែលនៅសល់ប្រគល់ឲ្យប្រធានគណៈកម្មការផ្សារគ្រប់គ្រង និងបានបង្កើតគណៈកម្មការចម្រុះខេត្ត ដែលដឹកនាំដោយលោក ហេង វណ្ណនី អភិបាលរងខេត្ត ដើម្បីចុះសម្របសម្រួល និងដោះស្រាយវិវាទនេះម្តងរួចហើយ៕