(ភ្នំពេញ)៖ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី នាយឧត្តមសេនីយ៍ ជ័យ សុន បានស្នើដល់សហគមន៍អឺរ៉ុប EU និងអង្គការ UNICRI ជួយឧបត្ថម្ភគាំទ្រនូវសម្ភារៈ ថវិកា បច្ចេកវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្ស ដល់ក្រុមអ្នកឆ្លើយតបឧប្បត្តិហេតុគីមី ជីវសាស្រ្ត វិទ្យុសកម្ម នុយក្លេអ៊ែររបស់អាជ្ញាធរជាតិអាវុធគីមី ដើម្បីពង្រឹងសមត្ថភាព និង លទ្ធភាពឆ្លើយតបឧប្បត្តិហេតុ CBRN ក៏ដូចជាការបង្ការទប់ស្កាត់ និងកាត់បន្ថយហានិភ័យ CNRN ផងដែរ។
សំណើរបស់នាយឧត្តមសេនីយ៍ ជ័យ សុន បានធ្វើឡើងក្នុងឱកាសបើកកម្មវិធីបេសកកម្មស្វែងយល់គម្រោងលេខ៤៦ នៅសណ្ឋាគារអាំងទែរកុងទីណង់តាល់ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក George EDGAR អគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជាផងដែរ។
នាយឧត្តមសេនីយ៍ ជ័យ សុន បានថ្លែងរំលឹកថា ទោះបីជាមានការហាមឃាត់ដោយសន្ធិសញ្ញា និងអនុសញ្ញាស្តីពីការមិនរីកសាយភាយអាវុធមហាប្រល័យយ៉ាងណាក៏ដោយ ក៏អាវុធគីមីត្រូវបានប្រើប្រាស់នៅក្នុងវិវាទប្រដាប់អាវុធនៅអ៉ីរ៉ាក់ និងស៊ីរី ក្រៅពីនេះ ក៏មានការគ្រោះថ្នាក់ដោយធម្មជាតិបណ្តាលឲ្យមានការលេចធ្លាយសារធាតុវិទ្យុសកម្ម និងគីមី។ល។
លោកនាយឧត្តមសេនីយ៍ ជ័យ សុន បានបញ្ជាក់បន្ថែមថា ក្រុមការងារថ្នាក់ជាតិគីមី ជីវសាស្រ្ត វិទ្យុសកម្ម នុយក្លេអ៊ែរ ជាកម្លាំងស្នូលក្នុងកម្រិតអ្នកឯកទេសជំនាញចូលរួមក្នុងវិធានការបង្ការទប់ស្កាត់ និងការកាត់បន្ថយហានិភ័យគីមី ជីវសាស្រ្ត វិទ្យុសកម្ម នុយក្លេអ៊ែរ។ នាយឧត្តមសេនីយ៍បន្តថា ចាប់តាំងពីការប្រកាសអនុវត្តគម្រោងរបស់ EU និង UNICRI ចំនួន១៩ នៅឆ្នាំ២០១៣មក ក្រុមការងារបានចូលរួមទទួលយកផលពីគម្រោងបានចំនួន ១៥ និងរៀបរៀង បានផែនការសកម្មភាព CBRN ជាតិ ដែលបច្ចុប្បន្នបានផ្ញើទៅសមាជិកអាជ្ញាធរជាតិ ដើម្បីពិនិត្យ និងកែសម្រួលមុនប្រជុំអាជ្ញាធរជាតិ នាពេលឆាប់ៗខាងមុខនេះ។
ក្នុងឱកាសបើកកម្មវិធីបេសកកម្មស្វែងយល់គម្រោងលេខ៤៦ នាយឧត្តមសេនីយ៍ ជ័យ សុន បានក្រើនរំលឹកដល់សមាជិកក្រុមការងារទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រដកពិសោធន៍ពីប្រតិបត្តិករគម្រោង ដើម្បីទទួលបានចំណេះដឹង និងបង្កើនសមត្ថភាពសំដៅត្រៀមបង្កាទុកឆ្លើយតបជាបន្ទាន់ក្នុងការជួយសង្រ្គោះនៅពេលមានឧប្បត្តិហេតុ CBRN ណាមួយ ដែលអាចកើតឡើងជាយថាហេតុ៕