(ព្រះសីហនុ)៖ ឧកញ៉ា ទៀ វិចិត្រ ជាមួយក្រុមគ្រួសារមនុស្សធម៌អូរ៣(O3) ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បាននាំយកអំណោយជាកង់ចំនួន២២គ្រឿង ទៅឧបត្ថម្ភដល់ សិស្សានុសិស្សក្រីក្រ នៅសាលាបឋមសិក្សាចំរាំង ស្ថិតនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលជាសាលារៀន ជនបទដាច់ស្រយាលឆ្ងាយពីទីប្រជុំជន។
ក្រៅពីឧបត្ថម្ភជាកង់ក៏មានឧបត្ថម្ភកាបូប១០០ ខ្មៅដៃ២០០ ប៊ិច២០០ និងថវិកា (៥,០០០រៀល x ៨៤នាក់) ដល់សិស្សានុសិស្សផងដែរ។ ដោយឡែក លោកគ្រូបង្រៀនចំនួន៥នាក់ ក៏បានទទួល ថវិកាចំនួន ៥០,០០០រៀលក្នុងម្នាក់ៗផងដែរ។ ក្រុមមនុស្សធម៌ក៏បានសំរេចសាងសង់ផ្ទះសំរាប់គ្រូបង្រៀន ស្នាក់នៅទំហំ ៤ម៉ែត្រ x ៩ម៉ែត្រ មួយខ្នងធ្វើអំពីថ្មប្រក់ស៊ីប្រូស៊ីម៉ង់តិ៍ ដែលចំណាយ អស់៦,៥០០ដុល្លារ និងបន្ទប់ទឹកមួយទំហំ ២ម៉ែត្រ x ៤ម៉ែត្រ គ្រោងចំណាយតម្លៃ១,៧០០ដុល្លារផងដែរ។
ឧកញ៉ា ទៀ វិចិត្រ បានថ្លែងថា គ្រួសារមនុស្សធម៌អូរ៣ (O3) ខេត្តព្រះសីហនុនេះ បានបង្កើតឡើងដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើការងារមនុស្សធម៌ ក្នុងសង្គមការងារបម្រើ និងជួយប្រជាពលរដ្ឋដែលមាន ការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬបក្សនយោបាយឡើយ ។
ដោយឡែកអាគារសិក្សាធ្វើពីថ្មរប្រក់សង្កសី ចំនួន ៦បន្ទប់វិញ លោកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី ជាអ្នកទទួលបន្ទុកសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ ។ លោក អ៊ូន ផល្លា នាយកសាលា បឋមសិក្សាចំរាំង បានប្រាប់ឲ្យដឹងថា សាលាបឋម សិក្សា ចំរាំងនេះ មានអាគារ សិក្សា១ខ្នង មាន៦បន្ទប់ ធ្វើពីឈើ ប្រក់ស័ង្កសី មានសភាពចាស់ទ្រុឌទ្រោម និងមាន សិស្សានុសិស្សសរុបចំនួន៨៤ នាក់ មានគ្រូបង្រៀនចំនួន៥នាក់ ។ ក្នុងពិធីនោះមានប្រជាពលរដ្ឋចូលរួមចំនួន៧៦គ្រួសារ ក្រុមការងារក៏បានឧបត្ថម្ភសាច់ជ្រូកចំនួន២គីឡូផងដែរ ។
លោកនាយកសាលាតំណាងអោយសិស្សានុសិស្ស និងអាព្យាបាលសិស្ស ក៏បានថ្លែងនូវសេចក្ដីសប្បាយរីករាយ ឥតឧបមា ចំពោះអំណោយ ឧបត្ថម្ភដ៏មានថ្លៃថ្លារបស់ក្រុមគ្រួសារមនុស្សធម៌របស់លោកឧកញ៉ាដែលបានជូនដល់ សាលា លោកគ្រូ និងសិស្សានុសិស្សក្រីក្រ នៅសាលាដាច់ស្រយាលមួយនេះ៕