(មណ្ឌលគិរី)៖ អគារមួយខ្នង៩បន្ទប់ និងបំពាក់សម្ភារការិយាល័យ ជាអំណោយរបស់កងទ័ព និងប្រជាជនវៀតណាម ខេត្តណាក់ណុង ត្រូវបានប្រគល់ជូនដល់សឹករងខេត្តមណ្ឌលគិរី ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដោយចំណាយអស់ថវិកាជិត១០ម៉ឺនដុល្លារ។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានរបស់លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ត្រី ឃិន ម៉េងស្រេង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកវរសេនីយ៍ឯក ថាយ ដាយង៉ុក មេបញ្ជាការយោធាខេត្តដាក់ណុង លោកវរសេនីយ៍ឯក តឿង សុនឡាយ ប្រធាននយោបាយខេត្តដាក់ណុង ព្រមទាំងនាយទាហាន នាយទាហានរងប្រមាណជាង១០០នាក់ផងដែរ។ លោកឧត្តមសេនីយ៍ត្រី ឃិន ម៉េងស្រេង បានថ្លែងថា មិនត្រឹមតែអាគារថ្មីមួយខ្នងនេះទេ ដែលទទួលបានការឧបត្ថមពីកងទ័ពប្រជាជនវៀតណាម តែកន្លងមកមេបញ្ជាការយោធាខេត្តដាក់ណុង តែងបានជួយជាសម្ភារ និងជំនួយផ្សេងៗដល់ តំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី ក្នុងឋានៈជាមិត្តដែលមានភូមិផងរបរជាប់គ្នា។ មិនត្រឹមតែប៉ុណ្ណោះ ពាក់ព័ន្ឋបញ្ហាសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនរវាងខេត្តមណ្ឌលគិរី និងខេត្តដាក់ណុង ក៏មិនដែលមានបាតុភាពអ្វីកើតឡើងជាគួរឲ្យកត់សម្គាល់ដែរ ព្រោះយោធាខេត្តមណ្ឌលគិរីនឹងយោធាខេត្តដាក់ណុង បានធ្វើប្រតិបត្តិការរួមគ្នាដើម្បី រក្សាសន្តិសុខសណ្នាប់ធ្នាប់ព្រំដែន ។
អាគាររដ្ឋបាលដែលកងទ័ពប្រជាជនវៀតណាមខេត្តដាក់ណុង ប្រគល់ជូនតំបន់ប្រតិបត្តិការសឹករង មណ្ឌលគិរី មានប្រវែង៨.៨ម៉ែត្រ គុណ ៣០.៣ម៉ែត្រ ស្មើរ ២.៦៦៦ម៉ែត្រការ៉េ រួមមាន៩បន្ទប់ នឹងសម្ភារការិយាល័យ តាមបន្ទប់នីមួយៗ សរុបថវិកាអស់៩ម៉ឺនដុល្លារ។ កិច្ចសហការល្អរវាងប្រទេសទាំងពីរ ជាពិសេសចំណងមិត្តភាពនៃកងទ័ពទាំងពីរដែលនៅជាប់ភូមិផងគ្នាក៏ដូចប្រជាជនទាំងពីរទៀតផងដែរ បាននិងជំរុញបន្តពង្រឹងសាមគ្គីភាពរួមគ្នាធ្វើការអភិវឌ្ឍន៍លើវិស័យនានាឱ្យបានរីកចំរើន និងរួមគ្នាធ្វើការទប់ស្កាត់រាល់បទល្មើសផ្សេងៗ នៅតាមបន្ទាត់ព្រំដែន ឈានទៅរកការធានាសន្តិសុខជូនសង្គមជាតិរៀងៗខ្លួន៕