(កណ្ដាល)៖ គិតចាប់ពីថ្ងៃចាប់ផ្ដើមផ្ទុះករណីជំងឺគ្រុនឈីកទៅលើពលរដ្ឋភូមិពាមស្ដី ឃុំព្រែកឬស្សី ស្រុកល្វាឯម រហូតមកដល់ថ្ងៃនេះនៅសល់ម្នាក់ប៉ុណ្ណោះ កំពុងសំរាកព្យាបាលនៅមណ្ឌលសុខភាព ក្រោយអ្នកជំងឺម្នាក់ទៀតបានជាសះស្បើយ។ នេះបើតាមលោក កន សុកកាយ អភិបាលស្រុកល្វាឯម បានប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលនាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ។
គួររម្លឹកថា ករណីគ្រុនឈីកផ្ទុះនៅឯស្រុកល្វាឯម បានកើតឡើងភ្លាមៗនៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ហើយត្រូវបានក្រុមមន្ត្រីសុខាបាល អភិបាលស្រុកល្វាឯម លោកស្នងខេត្ត ដឹកនាំដោយលោកអភិបាលខេត្ត បានចុះទៅដល់ទីតាំងកើតហេតុទាំងយប់ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ។
ចាប់តាំងពីកើតគ្រុនឈីកភ្លាម មន្ត្រីនៃមន្ទីរសុខាភិបាលដែលដឹកនាំដោយលោក គុយ ប៊ុនធឿន បានដុតដៃដុតជើងជួយសង្រ្គោះទាំងយប់ទាំងថ្ងៃ ដែលជាលទ្ធផលបានល្អគាប់ប្រសើរ និងទទួលបានការសាទរពីសំណាក់ពលរដ្ឋពេញមួយស្រុកល្វាឯមតែម្ដង៕