(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានអះអាងថា ទស្សនកិច្ចរបស់ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ទៅកាន់ប្រទេសចិននៅថ្ងៃស្អែកនេះ មិនពាក់ព័ន្ធទៅនឹង ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក ចន ឃែរី មកកាន់ប្រទេសកម្ពុជានោះទេ។
ការបញ្ជាក់របស់មន្រ្តីការបរទេសកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានវិទ្យុគាំទ្របរទេសមួយ បានផ្សាយថា ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នឹងត្រូវធ្វើដំណើរទៅប្រទេសចិន បន្ទាប់ពីដំណើរទស្សនកិច្ច ចន ឃែរី មកកម្ពុជា១សប្តាហ៍ ហើយមានអ្នកវិភាគលើកឡើងថា ទស្សនកិច្ចនេះពាក់ព័ន្ធនឹងរឿង ចន ឃែរី មកប្រទេសកម្ពុជា និងរឿងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់សហរដ្ឋអាមេរិក។
លោក ជុំ សុន្ទរី បានអះអាងថា ដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ទៅកាន់ប្រទេសចិននេះ ដើម្បីចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដែលកិច្ចប្រជុំនេះ លោក ហោ ណាំហុង គឺជាសហប្រធាន។
លោកថា «កិច្ចប្រជុំនេះគេរៀបចំយូរហើយ គេរៀបចំជាលើកទី៣ គឺគេបានប្រជុំអន្តរក្រសួងប៉ុន្មានសាររួចហើយ ដើម្បីសម្របសម្រួល យកខ្លឹមសារទៅឆ្លងគ្នាហ្នឹង គឺគេរៀបចំយូរណាស់ហើយរឿងហ្នឹងនោះ...គឺមុនទស្សនកិច្ចរបស់ចន ឃែរី»។
លោក ហោ ណាំហុង នឹងដឹកនាំប្រតិភូ ចាកចេញពីកម្ពុជា នៅម៉ោង៨៖០០ព្រឹកស្អែក ដើម្បីបើកកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦។ អំឡុងកិច្ចប្រជុំនេះ លោកនឹងជួបជាមួយ លោក យ៉ាង ជាឈី ទីប្រឹក្សារដ្ឋនៃរដ្ឋាភិបាលចិន ហើយអំឡុងពេលស្នាក់នៅប្រទេសចិន លោក ហោ ណាំហុង នឹងជួបលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិនផងដែរ៕