(កំពង់ស្ពឺ)៖ បញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ បានរៀបចំបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញចំណេះដឹងមូលដ្ឋានកសិកម្មជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន មួយកងវរសេនាធំ សាលាពលទាហាន យោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ ចំនួន១០០នាក់។

ពិធីនេះប្រព្រឹត្តធ្វើឡើងក្រោមវត្តមាន ឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជាការរងកងទ័ពជើងគោក តំណាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងមានការចូលរួមពី លោកសួង ណយ អគ្គលេខាធិការរង គណៈកម្មការជាតិជំរុញចលនាភូមិ១ ផលិតផល១ ទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងនាយយករង នាយកដ្ឋានអភិវឌ្ឈន៍ក្រសួងការពារជាតិ ទីចាត់ការអភិវឌ្ឈន៍អគ្គបញ្ជាការ មេបញ្ជាការ មេបញ្ជាការរងយោធភូមិភាគទី៣ នៅសាលាពលទាហានទី៣ យោធភូមិភាគទី៣ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នៅក្នុងរបាយការណ៍បើកវគ្គដែលអានដោយ ឧត្តមសេនីយ៍ទោ ហង្ស សុខា នាយសេនាធិការរង នាយការិយាល័យអភិវឌ្ឈន៍ កងទ័ពជើងគោក បានឲ្យដឹងថា វគ្គនេះមានរយៈពេលចំនួន ៤៥ថ្ងៃ ចាប់បើកពីថ្ងៃទី៥ ខែតុលា រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានកម្មសិក្សាការីចូលរួមរៀនសូត្រចំនួន១០០នាក់ គ្រូយោធាចារ្យចំនួន១០នាក់។

ខ្លឹមសារមេរៀនដែលត្រូវរៀនសូត្ររួមមាន៖ ការបណ្តុះផ្សិតចំបើង និងផ្សិតអំបោះ ការចិញ្ចឹមត្រីអណ្តែង វិធីដាំណាំអំពៅ ដាំដំណាំស្វាយ របៀបភ្ញាស់ពងមាន់ និងចិញ្ចឹមមាន់ សិក្សាស្ថានភាពទូទៅនៅប្រទេសកម្ពុជា អប់រំចិត្តសាស្ត្រ និងលំហាត់របៀប។ គ្រប់មេរៀនជំនាញគ្រូយោធាចារ្យនឹងផ្តល់ជូនទាំងទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែងផងដែរ។

ថ្លែងទៅកាន់ពិធីបើកវគ្គឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន បានចាត់ទុកវគ្គបំប៉នចំនេះដឹងមូលដ្ឋានកសិកម្ម គឺជាផ្នែកមួយក្នុងការជំរុញឲ្យមានការអភិវឌ្ឍលើចំណេះដឹងទាំងស្មារតីនិងបច្ចេកទេស ព្រមទាំងបានពង្រីកបន្ថែមលើកម្រិតយល់ដឹង នៃធនធានមនុស្ស រហូតដល់ជីវភាពរស់នៅរបស់យោធិនអាជីព-យោធិនពិការ និងសយោធិនសោធននិវត្តន៍។

លោកបានបញ្ជាក់ទៀតថា ដើម្បីអនុវត្តនូវតួនាទីភារកិច្ចរបស់ជំនាញអភិវឌ្ឍន៍ឆ្លើយតបទៅនឹងគោលបំណងនិងសំណូមពរខាងលើ យើងទាំងអស់គ្នាបានប្រឹងប្រែងយកអស់ស្មារតីទទួលខុសត្រូវ ដើម្បីសម្រេចបានតាមផែនការដែលថ្នាក់លើប្រគល់ជូន។

ឧត្តមសេនីយ៍ឯក បានបន្តថា ក្រោមគោលការណ៍កែទម្រង់របស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុនសែន ជាប្រមុខបានធ្វើឲ្យកងយោធពលខេមរភូមិន្ទ មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ជាពិសេសបានយកចិត្តទុកដាក់ទៅលើការបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ដើម្បីឲ្យកងទ័ពទទួលបានទាំង គុណភាព និងសមត្ថភាពក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី និងចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិមានការរីកចម្រើន។ បច្ចុប្បន្នកងយោធពលខេមរភូមិន្ទបាននឹងកំពុងអនុវត្តន៍តួនាទី ភារកិច្ចការពារជាតិប្រកបដោយ ឆន្ទៈមនសិការខ្ពស់ ព្យាយាមអត់ធ្មត់ អង់អាចក្លាហានក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងធ្វើការអភិវឌ្ឍលើគ្រប់វិស័យ។

លោកថា វីរភាពរបស់កងយោធពលខេមរភូមិន្ទ ត្រូវបានទទួលនូវការកោតសរសើរគាំទ្រ និងការយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិកិត្យានុភាព។ ទាំងនេះជាកត្តាផ្ដល់នូវកម្លាំងចិត្តជំរុញឲ្យកងទ័ពបំពេញតួនាទីភារកិច្ចយ៉ាងសំខាន់ក្នុងការការពារ និងកសាងមាតុភូមិកម្ពុជារួមចំណែកអភិវឌ្ឍន៍ប្រទេសស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន ក៏បានផ្តាំផ្ញើដល់សិក្ខាលកាមត្រូវខិតខំរៀនសូត្រក្រេបជញ្ជក់ចំណេះដឹង និងត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេសនាមលើបណ្តាខ្លឹមសារមេរៀន ត្រូវយកចិត្តទុកដាក់សិក្សាទាំងទ្រឹស្តី ក៏ដូចជាការអនុវត្តជាក់ស្តែង ខិតខំស្រាវជ្រាវបន្ថែមឯកសារដែលមានស្រាប់ ស្វែងយល់បទពិសោធន៍ល្អៗ ជាប្រយោជន៍ក្នុងការពង្រីកចំណេះដឹង ត្រូវគោរពនិន័យបទបញ្ជាផ្ទៃក្នុង និងមានសាមគ្គីភាពផ្ទៃក្នុងល្អ សង្ឃឹមថាពេលបញ្ចប់វគ្គទទួលបានលទ្ធផលល្អប្រសើរ។ ត្រូវថែរក្សាសុខភាពដោយចូលរួមអនុវត្តន៍វិធានការនានា របស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជម្ងឺកូវីដ១៩ និងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា៕