(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានប្រគល់ផ្ទះ២ខ្នង ធ្វើអំពីថ្មប្រក់សង្កសី ដល់យោធិនក្រីក្រ២គ្រួសារ ជួបការលំបាកនៅឃុំ២ផ្សេងគ្នា ក្នុងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ។
លោកឧត្តមសេនីយ៍ឯក ប៊ុន សេង បានថ្លែងថា នេះជាលើកទី៥ហើយ ដែលទីបញ្ជាការយោធភូមិភាគទី៥ បានសាងសង់ និងប្រគល់ផ្ទះជូននាយទាហានក្រីក្រជួបការលំបាក បានមួយចំនួនកន្លងមក ជាក់ស្តែងថ្ងៃនេះយើងបានធ្វើពិធីចែកផ្ទះជូនដល់នាយទាហាន២នាក់មានផ្ទះ២ខ្នងគឺ៖ ទី១ នៅចំណុចភូមិបាណង់ ឃុំស្តៅ ស្រុករតនៈមណ្ឌល ផ្ទះមួយខ្នងធ្វើពីថ្មប្រក់សង្កសី មានទំហំ ៤.៥ គុណ ៧ ម៉ែត្រ ក្នុងតម្លៃ ២,៨០០ដុល្លារ ព្រមទាំងមានគ្រឿងឧបភោគ បរិភោគមួយចំនួនតម្លៃទឹកប្រាក់៤០ម៉ឺនរៀល បានប្រគល់ឲ្យទៅលោកវរសេនីយ៍ត្រី សម សុខា មានឋានៈជាជំនួយការវរសេនាតូច កងកាំភ្លើងធំ យោធភូមិភាគទី៥។ អំណោយផ្ទះមួយខ្នងនេះ ជាអំណោយរបស់លោកឧត្តមសេនីយ៍ត្រី អេង ហុង ជាជំនួយការនាយឧត្តមសេនីយ៍ មាស សុភា និងជានាយមណ្ឌល៥ នៃការិយាល័យទី២កងទ័ពជើងគោក និងភរិយា ព្រមទាំងសហការីទាំងអស់។ នៅក្នុងនោះដែរ លោកឧត្តមសេនីយ៍ ប៊ុន សេង បានឧប្ថមគ្រឿងឧបភោគមួយចំនួននិងចែកថវិកាអ្នកជូនអ្នកចូលរួមផងដែរ ។ ជាមួយគ្នានេះ នៅចំណុចភូមិដង្គត់ ឃុំស្តៅ ស្រុករតនៈមណ្ឌល នាព្រឹដដែលក៏បានរៀបចំពិធីផ្តល់ផ្ទះ១ខ្នង ដល់យោធិនក្រីក្រជួបការលំបាក១គ្រួសារ មានទំហំដូចគ្នា ក្នុងតម្លៃ៣,២០០ដុល្លារ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនលោក អនុសេនីយ៍ឯក អ៊ុន ឆាន់លី ជាបុគ្គលិក មន្ទីរពេទ្យយោធភូមិភាគទី៥បាត់ដំបង ដែលជាអំណោយរបស់លោកវរសេនីយ៍ឯក វិជ្ជបណ្ឌិត សុខ វណ្ណារ៉ា នាយកមន្ទីរពេទ្យយោធភូមិភាគទី៥និងភរិយា ព្រមទាំងសហការីទាំងអស់។
នាឱកាសនោះលោកមេបញ្ជាការ ក៏បានឧបត្ថមថវិកាបន្ថែមជូនម្ចាស់ផ្ទះម្នាក់ៗចំនួន ១០០ដុល្លារ ជូនជាងផ្ទះ១០០ដុល្លារ និងក្រុមការងារ២០ម៉ឺនរៀលផងដែរ។ លោកមេបញ្ជាការបានបញ្ជាក់ថា ក្នុងនាមកងកម្លាំងក្រៅពីការងារស្នូលជាអ្នកការពារជាតិ ការងារកសាងអង្គភាពកន្លងមក គឺបានចូលរួមកិច្ចការសង្គមជាច្រើនទៀត ពិសេសការងារមនុស្សធម៌ ជូនយោធិន និងប្រជាពលរដ្ឋដែលជួបការលំបាក៕