(បាត់ដំបង)៖ កម្លាំងនគរបាលខេត្តបាត់ដំបង បានបញ្ជូនខ្លួនសង្ស័យម្នាក់ទៅតុលាការ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីជនសង្ស័យ បានប្រតាយប្រតប់ជាមួយជនរងគ្រោះពេលតាមទាន់រូបគេកំពុងលួចយកម៉ូតូ១គ្រឿង ហើយបានជិះទៅទាក់កនឹងបន្លាលួស បណ្តាលឲ្យដួលកាលពីយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ នៅមុខវត្តឈើទាល នៅចំណុចក្រុមទី៦ ក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ខណ:ពេលម្ចាស់ផ្ទះទុកម៉ូតូចោលនៅមុខផ្ទះ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា បន្ទាប់ពីជនសង្ស័យមិនស្គាល់ឈ្មោះ ដែលបានប្រើអំពើហិង្សាវ៉ៃយកម៉ូតូពីស្ត្រីជនរងគ្រោះ ជិះចេញទៅហើយ បានទាក់ បន្លាលួសក្រោយផ្ទះរបួស ហើយអ្នកភូមិចាប់បានភ្លាមៗប្រគល់សមត្ថកិច្វតែម្តងយកទៅព្យាបាលនៅមន្ទីរពេទ្យស្រុក។

ចំណែកជនរងគ្រោះ ដែលត្រូវជន សង្ស័យវ៉ៃ យកម៉ូតូ មានឈ្មោះ សូ វ៉ុងឌី ភេទស្រី អាយុ៥០ឆ្នាំ រួមទាំងកូនស្រីឈ្មោះ វ៉ាន់ ស្រីម៉ុច អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះនៅថ្ងៃកើតហេតុជាមួយកូនស្រីម្នាក់ពេលកំពុងលាងសម្អាតទូលក់ប្រហិត ដោយទុកម៉ូតូនៅក្បែរគ្នានោះ ស្រាប់ជនសង្ស័យក៏បានស្ទុះ ទៅឡើងជិះម៉ូតូ និងបានប្រតាយប្រតប់ជាមួយជនរងគ្រោះមួយប្រាវរួចហើយក៏ជិះម៉ូតូរត់តែម្តង។ វត្ថុតាងម៉ូតូដែលបាត់ខាងលើម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរី២០១៦ ស្លាកលេខបាត់ដំបង 1W-1051។

បច្ចុប្បន្នមន្រ្តីការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាច្បាប់រួចហើយ៕