(កំពង់ធំ)៖ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ នៅខេត្តកំពង់ធំ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ អាជ្ញាធរខេត្តកំពង់ធំ បានដាក់ចេញនូវវិធានការមួយចំនួនទៀត ដើម្បីបង្កើនសកម្មភាពដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៦ ត្រូវបានធ្វើឡើងនៅសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ និង លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ។

មន្រ្តីសាលាខេត្តកំពង់ធំ បាននិយាយថា អង្គប្រជុំបានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុស និងបានឯកភាពគ្នាក្នុងការលើកទិសដៅ អនុវត្តបន្ត និងដោះស្រាយបញ្ហាសំខាន់ៗ ជាអទិភាពសម្រាប់ឆ្នាំ២០១៦ ។

ទិសដៅទាំងនោះមានដូចជា ការចុះពិនិត្យ និងផ្ទៀងផ្ទាត់ដីតំបន់៣ តំបន់២ និងចេញសលាកប័ត្រព័ត៌មាន ជូនប្រជាពលរដ្ឋអាស្រ័យផល ការបន្តចុះដោះស្រាយទឹក ជូនប្រជាពលរដ្ឋ ការបន្តដោះស្រាយបញ្ហាដីធ្លី វិធានការអប់រំ និងបង្ក្រាបបទល្មើសព្រៃឈើ បទល្មើសជលផល ការជំរុញចលនាប្រឡងប្រណាំង ផ្តល់សេវាសាធារណៈ គោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» ។

ក្រៅពីនោះមានការរៀបចំគ្រប់គ្រងផ្សារភាស៊ី និងទីតាំងសត្វឃាតឲ្យបានល្អ ការផ្សព្វផ្សាយ និងត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកថ្មី ការពង្រឹងកិច្ចការពារអំពើលួច ប្លន់ ការគ្រប់គ្រងអគ្គីភ័យ ការដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានា ដែលពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រព័ន្ធធារាសាស្រ្ត ការបង្កបង្កើនផល ការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅតាមភូមិ ឃុំ ស្រុក អគ្គីសនី ទឹកស្អាត អនាម័យ សណ្តាប់ធ្នាប់សាធារណៈ ការរៀប ចំផ្សារគំរូ ទីប្រជុំជនស្អាត ភូមិស្អាត និងផ្ទះស្អាតជាដើម៕