(កំពង់ស្ពឺ)៖ នៅក្នុងឱកាសដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងស្វែងរកសំណោះស្រាយដើម្បីទប់ស្កាត់គ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងមកពីជំនន់ទឹកភ្លៀងកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ លោក វ៉ី សំណាង អភិបាលកំពង់ស្ពឺ បានអំពាវនាវយ៉ាងចាំបាច់ចំពោះមន្ទីរកសិកម្ម មន្ទីរធនធានទឹក មន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីរសុខាភិបាល ត្រូវត្រៀមសង្គ្រោះរាល់បញ្ហាគ្រោះជំនន់ទឹកភ្លៀងជាយថាហេតុ ដែលអាចកើតមានគ្រប់ពេលចំពោះខេត្តកំពង់ស្ពឺ។
លោក វ៉ី សំណាង បានបន្តទៀតថា មន្ទីរជំនាញមន្ទីរទាំង៤ ត្រូវត្រៀមជាប្រចាំការងារទប់ស្កាត់គ្រោះមហន្តរាយផ្សេង ដែលកើតឡើងមកពីជំនន់ទឹកភ្លៀង ក្នុងនោះមានមន្ទីរ មន្ទីរធនធានទឹកឲ្យត្រៀម វាយតម្លៃ ត្រួតពិនិត្យអំពីស្ថានទឹកជំនន់រាយការណ៍មកអង្គភាពពាក់ព័ន្ធ ដើម្បីត្រៀមបង្ការឆ្លើយតបដោះស្រាយគ្រប់បញ្ហាដែលកើតឡើង, មន្ទីរកសិកម្មត្រូវត្រៀមថ្នាំបង្ការនៃជំងឺឆ្លងសត្វគ្រប់ប្រភេទ ដែលបណ្តាលមកពីទឹកជំនន់ទឹកភ្លៀង, មន្ទីរសាធារណៈ និងដឹកជញ្ជូន ត្រូវត្រៀមលក្ខណៈគ្រប់គ្រាន់កុំឲ្យទឹកហូរ ដាច់ផ្លូវធ្វើឲ្យពិបាកពលរដ្ឋឆ្លងកាត់ និងបញ្ជៀសផ្លូវទឹកឲ្យបានទាន់ពេលវេលា ដោយឡែកមន្ទីរសុខាភិបាលត្រូវត្រៀមត្រួតពិនិត្យជំងឺរាគរួស ដែលបណ្តាលមកពី ការប្រើប្រាស់ទឹកមិនស្អាត។
អភិបាលខេត្តបានបញ្ជាក់ទៀតថា ខេត្តកំពង់ស្ពឺនៅមិនទាន់ទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅឡើយទេមកទល់ពេលនេះ។ លោកអំពាវនាវថា ជំនន់ទឹកភ្លៀងបើទោះបីជាមានរយៈពេលខ្លី ក៏ពិតមែន ប៉ុន្តែវាអាចធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងក៏អាចធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋផងដែរ។ ចំពោះប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ ទៅលើជនចាស់ជរា ក្មេងក្មេង ដែលអាចមានបញ្ហាប្រឈមជាមួយនឹងការលង់ទឹកជាដើម។
ក្នុងនោះដែរអាជ្ញាធរ និងមន្ទីរអង្គភាពពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ដោយធ្វើការតាមដានឱ្យជាប់ជាប្រចាំ ចំពោះបញ្ហាប្រឈមទាំងឡាយ ដើម្បីអាចមានលទ្ធភាព ឆ្លើយតបក្នុងការសង្គ្រោះទាន់ពេលវេលា ជាពិសេសសូមមេត្តាកុំទន្រ្ទានកាន់កាប់ដីចំណីផ្លូវរបស់រដ្ឋ៕