(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចតាមបណ្ដាខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ បន្តការតាមដាន និងត្រួតពិនិត្យ ទៅលើក្លឹបកម្សាន្ដ និងខារ៉ាអូខេដែលលួចលាក់ ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាល នៃជំងឺកូវីដ-១៩ ខណៈដែរជំងឺនេះ បាននិងកំពុងរីករាលដាលនៅឡើយ បើទោះបីប្រទេសកម្ពុជា មិនមានអ្នកស្លាប់ដោយកូវីដ-១៩នេះក៏ដោយ។
ការជំរុញ និងណែនាំបែបនេះរបស់ លោក ឃួង ស្រេង បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ ក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការគ្រប់គ្រងការរាតត្បាត នៃជំងឺកូវីដ-១៩ សម្រាប់អាជ្ញាធរមូលដ្ឋាន ខណ្ឌ សង្កាត់នៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការភាពជាដៃគូ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា «យើងអាចភ្លេចជំងឺកូវីដ-១៩ តែជំងឺកូវីដ-១៩ មិនភ្លេចយើងទេ។ ដូច្នេះក្នុងនាមអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវបន្តការផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមបង្ការ និងទប់ស្កាត់នូវជំងឺ-១៩នេះ និងបន្តតាមដាននៅក្នុងមូលដ្ឋានរបស់ខ្លួន ពាក់ព័ន្ធនឹងការលួចបើកក្លឹបកម្សាន្ត និងខារ៉ាអូខេ ដែលអាចធ្វើឲ្យរីករាលដាលនៃជំងឺកូវីដ-១៩នេះ»។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ការបើកអង្គសិក្ខាសាលានេះឡើង គឺក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាព នៃការឆ្លើយតបលើកិច្ចការបង្ការ និងទប់ស្កាត់ការរាលដាល នៃវីរុសកូវីដ-១៩ នៅក្នុងខណ្ឌ សង្កាត់ និយាយដោយឡែក និងនិយាយជារួម ដើម្បីឈានទៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ និងទូលំទូលាយក្នុងភាពជាដៃគូរវាងសមាគម AIMF និងរដ្ឋបាលរាជធានីភ្នំពេញ តាមស្មារតី នៃឯកសារវិសោធនកម្មលេខ២ ស្តីពីការត្រៀមបង្ការ ចំពោះស្ថានភាពបន្ទាន់ គំនិតផ្តូចផ្តើម ដើម្បីសុខភាព និងអនាម័យល្អក្នុងទីក្រុង។
លោកបន្តទៀតថា បច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ បាននិងកំពុងរីករាលដាលនៅក្នុងបណ្ដាលប្រទេស និងដែនដីចំនួនជាង២១០ ទូទាំងពិភពលោក ហើយបញ្ហានេះត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសថា ជាជំងឺរាតត្បាតសកល និងជាកង្វល់ថ្មីរបស់មនុស្សជាតិ គ្រប់ជាតិសាសន៍ ដែលចាំបាច់ត្រូវរួមគ្នា ទប់ស្កាត់វិធានការ បង្ការ ទប់ស្កាត់ និងផ្តល់ការសង្គ្រោះឲ្យបានទាន់ពេលវេលា។
សម្រាប់ប្រទេសកម្ពុជា ក៏មិនអាចគេចផុតពីការគំរាមកំហែងនៃជំងឺកូវីដ-១៩ ដូចគ្នានេះផងដែរ បើទោះបីជាមកដល់ពេលនេះ ប្រជាពលរដ្ឋខ្មែរ រួមនឹងជនបរទេសដែលកំពុងស្នាក់ នៅក្នុងប្រទេសកម្ពុជា មិនទាន់មាននរណាម្នាក់រងគ្រោះ រហូតដល់បាត់បង់ជីវិតនៅឡើយក្តី។ ប៉ុន្តែជាកត្តាសត្យានុម័ត បញ្ហានេះបានបង្កើតឲ្យមានផលប៉ះពាល់លើវិស័យជាច្រើន ពិសេសក្នុងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចជៀសមិនរួច។
លោកបានបញ្ជាក់បន្ថែមទៀតថា សម្រាប់ការរៀបចំសិក្ខាសាលា ក្នុងពេលនេះ គឺជាផ្នែកមួយនៃការអនុវត្តន៍គម្រោងត្រៀមបង្ការ និងឆ្លើយតបចំពោះ ស្ថានភាពបន្ទាន់ ក្នុងនោះរយៈពេលកន្លងមកក្រុមការងារអនុវត្តគម្រោង នៃសមាគម AIMF សហការជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បើកវគ្គបណ្ដុះបណ្ដាលចំនួន០៩លើក រួចមកហើយ ដោយផ្ដោតសំខាន់លើស្ថានភាពទូទៅជំងឺកូវី-១៩ វិធានការការពារការចម្លងរោគ ការប្រើប្រាស់សម្ភារការពារខ្លួន ការប្រមូលវេចខ្ចប់ និងការដឹកជញ្ជូនសំណាងរបស់អ្នកជំងឺកូវីដ-១៩។
គួរបញ្ជាក់ផងដែរថា អង្គសិក្ខាសាលានេះនឹងធ្វើឡើងក្នុងរយៈពេលពីរថ្ងៃពេញ ហើយនៅក្នុងពិធីនោះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រគល់ បរិក្ខាពេទ្យ សម្រាប់ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញផងដែរ ដើម្បីប្រើប្រាស់បន្តគាំទ្រ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ៕