(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ បានលើកពីការត្អូញត្អែរបស់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ចំពោះសកម្មភាពគ្មានវិជ្ជាជីវៈមួយចំនួនរបស់អ្នកព័ត៌មាន ដែលតែងតែចុះសុំលុយ និងផ្សព្វផ្សាយនាំឱ្យប៉ះពាល់ដល់មុខរបររបស់សហគ្រាសធុនតូច និងធម្យម។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់នៅលើទំព័រ Facebook ថា «នៅក្នុងការប្រជុំគណៈកម្មាធិការសកម្មភាពគោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម សំណូមពរជាច្រើនរបស់ម្ចាស់សហគ្រាសធុនតូច និងមធ្យម គឺសកម្មភាពរញ៉េរញ៉ៃរបស់អ្នកកាសែតគ្មានវិជ្ជាជីវៈ ពោលគឺអ្នកកាសែតអត់មានកាសែតចេញ អ្នកកាសែតមានតែកូនកាមេរ៉ាតូចមួយ ឬទូរសព្ទដៃមួយគ្រឿង ផ្សាយតាមហ្វេសប៊ុកដោយគ្មានរបៀបវារៈទៀងទាត់។ តែទៀងទាត់ក្នុងការចុះសុំលុយ ផ្សាយអត់យល់ច្បាប់ពាណិជ្ជកម្ម និងលិខិតបទដ្ឋាន ឬ បច្ចេកទេសអីទាំងអស់ ដែលប៉ះពាល់យ៉ាងខ្លាំងដល់មុខរបររបស់សហគ្រាសធុនតូច និងមធ្យម»។
ទន្ទឹមនឹងលើកឡើងបញ្ហានេះ លោករដ្ឋមន្ត្ត្រីបានបង្ហាញក្តីសង្ឃឹមថា អ្នកកាសែតទាំងអស់នឹងខិតខំចៀសវាងពីការប្រព្រឹត្តដូចអ្វីដែលម្ចាស់សហគ្រាសធុនតូច និងមធ្យមបានរៀបរាប់ ហើយរួមគ្នាកម្ចាត់ឱ្យបានពួកទុច្ចរិតជ្រកក្រោមផ្លាកសារព័ត៌មាន ដើម្បីសេចក្តីថ្លៃថ្នូរនៃអ្នកសារព័ត៌មានវិជ្ជាជីវៈទាំងអស់ក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងការអំពាវនាវបែបនេះហើយ លោករដ្ឋមន្ត្រី ក៏បានលើកឡើងនូវពាក្យមួយឃ្លា ដែលបានស្រង់ពីរឿង Animal Farm ថា «ជើង៤ ល្អ ជើង ២អាក្រក់»។ លោករដ្ឋមន្ត្រី មិនបានលំអិតពីន័យខ្លឹមសារនៃពាក្យស្លោកនេះទេ តែប្រហែលជាលោករដ្ឋមន្ត្រី ដែលជាឥស្សរជនផ្នែកព័ត៌មានដ៏ឆ្អិនឆ្អៅរូបនេះ ចង់រំលឹកដល់អ្នកព័ត៌មានឱ្យធ្វើព័ត៌មានដោយគោរពវិជ្ជាជីវៈ និងត្រូវប្រកាន់ខ្ជាប់តាមក្រមជាអ្នកព័ត៌មាន៕