(មណ្ឌលគិរី)៖ ក្រសួងបរិស្ថាន កំពុងធ្វើការស៊ើបអង្កេតស្វែងរកជនខិលខូច ដែលលួចបោះបង្គោលនៅលើដីរដ្ឋដោយខុសច្បាប់ នៅតំបន់ ដែនជម្រកសត្វព្រៃកែវសីមា ស្ថិតនៅចំណុចភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររ៉ាង ខេត្តមណ្ឌលគិរី។ នេះជាការបញ្ជាក់របស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។
ការបញ្ជាក់បែបនេះរបស់ លោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងកំឡុងពេលដែលលោក បានដឹកនាំក្រុមអ្នកសារព័ត៌ចុះស្វែងយល់ពីការអនុវត្តន៍គម្រោង រេដបូសីមា នៃដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌល គិរី នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០។
ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានឲ្យដឹងថា ក្រសួងបរិស្ថាន បានខិតខំពង្រឹងវិធានការច្បាប់ការពារតំបន់ការពារធម្មជាតិ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាព្រៃឈើ សត្វព្រៃ និងសម្បត្តិធម្មជាតិផ្សេងៗទៀត ដើម្បីជាផលជាប្រយោជន៍រួមសម្រាប់ មនុស្សជាតិទាំងមូលផងដែរ។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបន្ថែមថា កន្លងមកបើទោះជាក្រសួងបានខិតខំទប់ស្កាត់ រាល់បទល្មើសធនធានធម្មជាតិ និងការទន្ទ្រានដីរដ្ឋ ក៏ប៉ុន្តែនៅតែមានជនខិលខូចមួយចំនួនបានឆ្លៀតឱកាសលួចបោះបង្គោលរបង ដើម្បីទន្ទ្រានកាន់កាប់ដីរដ្ឋ និងដីតំបន់ការពារធម្មជាតិ ជម្រកសត្វព្រៃដោយខុសច្បាប់ផងដែរ។ ជាក់ស្តែងករណីនេះ ក្រសួងនឹងចាត់វិធានការផ្លូវច្បាប់លើជនទាំងនោះដោយមិន លើកលែងឡើយ ។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់យ៉ាងថា៖ «ឥឡូវនេះ យើងឃើញមានការបោះបង្គោលរបងមួយចំនួនដែលទន្ទ្រានកាន់កាប់ដោយខុសច្បាប់ នៅចំណុចភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង [...] យើងកំពុងតែធ្វើការស៊ើបអង្កេតស្វែងរកថាតើនណារ ជាអ្នកដែលបោះបង្គោលនៅកន្លែងហ្នឹង ដើម្បីយើងអនុវត្តទៅតាមច្បាប់»។
ទន្ទឹមនឹងនេះលោក ក៏បានព្រមានធ្ងន់ៗថា សូមបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នេះ ព្រោះថាវាជាសកម្មភាពខុសច្បាប់ ហើយក្រសួងនឹងអនុវត្តច្បាប់ដោយមិនលើកលែងចំពោះជនទាំងឡាយណាដែលបំពានលួចចូលទន្ទ្រានបោះបង្គោលក្នុងដែនជម្រកសត្វព្រៃ តំបន់ការពារធម្មជាតិ ក៏ដូចជាដីរដ្ឋជាដើម។
បន្ថែមពីនេះ នៅថ្ងៃចុះទីវាល ក្នុងដែលជម្រកសត្វព្រៃកែវសីមា លោក នេត្រ ភក្ត្រា បានដឹកនាំមន្ត្រីក្រសួង បរិស្ថាន រួមនឹងមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី បានដក បង្គោលរបងឈើ និងថ្ម ដែលហ៊ុព័ទ្ធដីដោយខុសច្បាប់ក្នុងដីរដ្ឋ ស្ថិតនៅចំណុចភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ប្រមាណ៥០ដើម ព្រមទាំងដុតកម្ទេចចោលោងដែរ។
គូសបញ្ជាក់ដែលថា ចំពោះករណីទន្ទ្រានកាន់កាប់ដីព្រៃ ក៏ដូចជាដីរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិខុសច្បាប់នេះដែរ មានមន្ត្រីមួយចំនួនដែលបានជាប់ពាក់ព័ន្ធត្រូវបានចាប់ខ្លួន និងដកតួនាទីផងដែរ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ និងអភិបាលស្រុកកោះញែកជាដើម។
បើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន ដែនជម្រកសត្វព្រៃកែវសីមា គ្របដណ្តប់លើផ្ទៃដី ចំនួន ២៩២.៦៩០ហិកតា ស្ថិតនៅតាមបណ្តោយជើង ភ្នំអាណាម៉ាយណ៍ និងមានទីតាំងនៅភាគខាងកើត ប្រទេសកម្ពុជា ក្នុងនោះមួយផ្នែកធំស្ថិតនៅក្នុងស្រុកកែវសីមា ស្រុកសែនមនោរម្យ និងស្រុកអូររាំង ខេត្តមណ្ឌលគិរី និងមួយផ្នែកតូចស្ថិងក្នុងស្រុកស្នួល ខេត្តក្រចេះ បង្កើតឡើងដោយអនុក្រឹត្យ នៃរដ្ឋាភិបាលកាលពីឆ្នាំ២០១៦៕