(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍ចូលរួមអបអរសាទរ ចំពោះការប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នៅកម្ពុជា ក្រោមប្រធានបទ «គ្រូបង្រៀនឆ្លាតវៃ ដើម្បីការអប់រំឌីជីថល»

សេចក្តីថ្លែងការណ៍របស់ ស.ស.យ.ក បានលើកឡើងថា ការអប់រំ គឺជាមធ្យោបាយគ្រឹះ និងសំខាន់បំផុត ដើម្បីជំរុញ និងបង្កើនសមត្ថភាពយុវជនជំនាន់ក្រោយឱ្យ ក្លាយខ្លួនជាអ្នកបន្តវេន ក្នុងការរក្សានិរន្តរភាពនៃវឌ្ឍនភាពសង្គម និងការបន្តជំរុញវឌ្ឍនភាពសេដ្ឋកិច្ចជាតិ ហើយ ក្នុងបរិបទកម្ពុជា គឺជាការឈានទៅសម្រេចបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឆ្នាំ២០៣០ ជាប្រទេសចំណូល មធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍន៍។

ដោយបានឆ្លងកាត់បទពិសោធ ដែលស្ទើរមិនមានក្នុងប្រវត្តិសាស្ត្រពិភពលោក នៃការសម្លាប់រង្គាលលើបញ្ញាវន្ត ជាពិសេសលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ក្នុងរបបខ្មែរក្រហម កម្ពុជាយល់យ៉ាងច្បាស់ពីគុណតម្លៃនៃគ្រូបង្រៀន ដែលជាគន្លឹះយ៉ាងសំខាន់ក្នុងការ កសាងសង្គមមួយប្រកបដោយនិរន្តរភាព ដោយឈរលើចំណេះដឹង តម្លៃ និងសីលធម៌។

ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ បានចូលរួមចំណែកយ៉ាងសំខាន់ ធានានិរន្តរភាពការអប់រំប្រកបដោយសមធម៌ ដោយក្នុងពេលព្រមគ្នា ទប់ស្កាត់ឱ្យ បានការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងនោះការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិច ការចែកសន្លឹកកិច្ចការដល់សិស្ស ការចុះតាមសហគមន៍ ការចុះតាមខ្នងផ្ទះ និងភាពច្នៃប្រឌិតនានារបស់លោកគ្រូ អ្នកគ្រូ អនុលោមតាម គោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសមានចិត្ត មនសិកា ស្មារតី ចូលរួម ការលះបង់ និងទំនួលខុសត្រូវខ្ពស់របស់លោកគ្រូ អ្នកគ្រូ សម្រាប់សង្គមជាតិ។

ក្នុងស្មារតីនេះ សហភាពសហព័ន្ធយុវជនកម្ពុជា បាននិងកំពុងបន្តចូលរួមចំណែកតាមលទ្ធភាពជា បន្តបន្ទាប់ក្នុងសកម្មភាពនានា ដើម្បីលើកកម្ពស់សក្តានុពលគ្រូបង្រៀន តាមរយៈការជំរុញការទទួលស្គាល់នូវ គុណតម្លៃបុគ្គលិកអប់រំ ក៏ដូចជាសូមគាំទ្រចំពោះគោលនយោបាយ ស្ដីពីគ្រូបង្រៀនរបស់ក្រសួងអប់រំ យុវជន និង កីឡា ឆ្នាំ២០១៣ និងកំណែទម្រង់វិស័យអប់រំដ៏រស់រវើករបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលបំណងក្នុង ការអភិវឌ្ឍគ្រូបង្រៀនឱ្យមានគុណភាព សមត្ថភាពក្រមសីលធម៌វិជ្ជាជីវៈ និងផ្តល់លក្ខខណ្ឌចាំបាច់ក្នុងការ បំពេញការងារប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធ។

សេចក្តីថ្លែងការណ៍បន្តថា «តាងនាមឱ្យសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស និងយុវជនកម្ពុជាទូទៅ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់នៅគ្រប់កាលៈទេសៈ របស់លោកគ្រូ អ្នកគ្រូ និង បុគ្គលិកអប់រំគ្រប់រូប និងគ្រប់លំដាប់ថ្នាក់។ វត្តមាន ការតស៊ូ និងកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកអប់រំគ្រប់រូប នាពេលកន្លងមក និងពេលបន្តបន្ទាប់ទៀត គឺជាការសន្យាមួយដ៏មោះមុតសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ដែលមានមោទនភាព ចំពោះធនធានមនុស្សដ៏សម្បូរបែប និងកម្ពុជាមួយដែលប្រកបដោយកិត្យានុភាព និង វឌ្ឍនភាពជានិច្ចនិរន្តរ៍តទៅ»៕

សូមអានសេចក្តីថ្លែងការណ៍របស់ ស.ស.យ.ក ទាំងស្រុង៖