(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង បានប្រកាសឲ្យសមត្ថកិច្ចពាក់ព័ន្ធនៅគ្រប់ស្ថាប័ន តាមចាប់ខ្លួនឧក្រិដ្ឋជនមេក្លោងធំៗ កាត់ផ្តាច់ខ្សែ បណ្តាញការជួញដូរគ្រឿងញៀន នៅក្នុងប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារ ត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៥ លើកទិសដៅបន្តឆ្នាំ២០១៦ របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២ ខែកុម្ភៈនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានលើកឡើងថា សកម្មភាពជួញដូរគ្រឿងញៀន ជាការងារព្រួយបារម្ភរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋគ្រប់រូប នៅក្នុងមូលដ្ឋាន ហើយការងារនេះមានភាពរាំរ៉ៃ និងស្មុគស្មាញ តាំងពីយូរមកហើយ។
តាមរបាយការណ៍ ដែលអានដោយឧត្តមសេនីយឯក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀន បញ្ជាក់ថា នៅឆ្នាំ២០១៥ សមត្ថកិច្ចអនុវត្តច្បាប់បង្ក្រាបគ្រឿងញឿន សរុបបានជាង៣០៦១ករណី កើនឡើង១២៩%បើប្រៀបធៀបនឹង២០១៤។ នៅក្នុងសកម្មភាពចុះបង្រ្កាបនោះ ឃាត់ខ្លួនជនល្មើសសរុប៧០០៨នាក់ ក្នុងនោះមានស្រ្តី៨៥៣នាក់ កើនឡើង១២៣%បើប្រៀបធៀប នឹងឆ្នាំ២០១៤។ ជាមួយគ្នានោះដែរមានវត្ថុតាងនិងសារធាតុផ្សំគ្រឿងញៀនត្រូវបានសមត្ថកិច្ច ចាប់បានប្រមាណជាង១តោន៦២០គីឡូក្រាម ។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងថា ក្នុងឆ្នាំកន្លងមក កងកំលាំងនគរបាលបាន សហការបង្ក្រាបបទល្មើសគ្រឿងញៀនបានច្រើន ប៉ុន្តែសកម្មភាពចរាចរណ៍ជួញដូរ របស់ក្រុមជនល្មើសនៅតែបន្តកើតមានជាធម្មតា ហើយថា ការបង្រ្កាបនោះគឺមាន៥៤ករណីសុទ្ធជាមេក្ខោង៕