(មណ្ឌលគិរី)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ចំនួន១២០០នាក់ បាននឹងកំពុងបំពេញតួនាទីជាឆ្នាំព្រៃការពារ និងអភរិក្សធនធានធម្មជាតិ និងបានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិប្រកប ដោយការទទួលខុសត្រូវខ្ពស់នៅតាមបណ្តាតំបន់ការពារធម្មជាតិនានា ក្នុងប្រទេសកម្ពុជា។

ការបញ្ជាក់បែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងកំលុងពេលដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មានចុះសិក្សាស្វែងយល់ពីការងារការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែតុលា។

ទោះយ៉ាងណាលោក នេត្រ ភក្ត្រា បានថ្លែងថាមន្ត្រីឧទ្យានុរក្សបានរៀបចំវិធីសាស្ត្រល្បាត ដោយក្នុងនោះមានទាំងវិធីសាស្ត្រថ្មិរជើង ម៉ូតូ និងរថយន្ត និងមានការប្រមូលទិន្នន័យព័ត៌មានដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបដោយមានកាគាំទ្របច្ចេកទេសពីអង្គការដៃគូដូចជាអង្គការសមាគមអភិរក្សសត្វព្រៃ WCS ជាដើម។ ការចុះល្បាតក៏មានការសហការចូលរួមពីកម្លាំងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ និងកម្លាំងប្រជាសហគមន៍តំបន់ការពារធម្មជាតិចូលរួមសហកាដើម្បីប្រសិទ្ធភាពនៃការទប់ស្កាត់និងបង្ក្រាបទល្មើស។

អ្នកនាំពាក្យរូបនេះ បានឲ្យដឹងថា កម្ពុជាដែលបច្ចុប្បន្ននេះមានតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះសរុបចំនួន ៦៦កន្លែង ដែលក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់ការពារទេសភាព និងតំបន់រ៉ាមសារដែលមានផ្ទៃដីសរុប ៧,៣លានហិកតា ស្មើប្រមាណ ៤១%នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។

ទាក់ទងនឹងតំបន់ការពារធម្មជាតិ នៅក្នុងខេត្តមណ្ឌលគិរី លោក នេត្រ ភក្ត្រា បានថ្លែងឱ្យដឹងថាមានចំនួន ៦កន្លែង មានផ្ទៃដីសរុបប្រមាណ ១លានហិកតា ដែលក្នុងនោះរួមមានដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃណាមលៀរ ដែនជម្រកសត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃភ្នំព្រេច និងរបៀងអភិរក្សជីវៈចម្រុះឥសាន។

រដ្ឋលេខាធិការ បានឱ្យដឹងថា នៅក្នុងការគ្រប់គ្រងអភិរក្សតំបន់ការពារធម្មជាតិទាំងនេះ មន្ទិរបរិស្ថានមានមន្ត្រីឧទ្យា នុរក្សសរុបចំនួន ១០៤នាក់ ដែលចំនួននេះនៅមិនទាន់ឆ្លើយតបនៅឡើយជាមួយទំហំដីដែលត្រូវអភិរក្ស និងការពារ។ ទោះយ៉ាងណាលោកបានថ្លែងថាមន្ត្រីឧទ្យានុរក្សបានរៀបចំវិធីសាស្ត្រល្បាត ដោយក្នុងនោះមានទាំងវិធីសាស្ត្រថ្មិរជើង ម៉ូតូ និងរថយន្ត និងមានការប្រមូលទិន្នន័យព័ត៌មានដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ការចុះល្បាតក៏មានការសហការចូលរួមពីកម្លាំងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ និងកម្លាំងប្រជាសហគមន៍តំបន់ការពារធម្មជាតិចូលរួមសហកាដើម្បីប្រសិទ្ធភាពនៃការទប់ស្កាត់និងបង្ក្រាបទល្មើស។

យោងតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី បានចុះល្បាតក្នុងតំបន់ការពារធម្មជាតិចំនួន២៩៩៥ លើកដោយបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ១៥២៨ករណី ដែលក្នុងនោះបានបញ្ជូនសំណុំរឿងទៅតុលាការចំនួន ៨៤ករណី ពិន័យអន្តរការណ៍ចំនួន ២៦ករណី រឹបអូសរណាយន្តបានចំនួន ៣៦៤គ្រឿង ចាប់ឃាត់រថយនកតចំនួន ៣៤គ្រឿង ដោះអន្ទាក់ចម្រុះ សរុបចំនួន ២៩៥៧ខ្សែ។

អំឡុងពេលទស្សនកិច្ចនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានបានដឹកនាំអ្នកសារព័ត៌មានទស្សនកិច្ចទីស្នាក់ការធំរបស់ដែនជម្រកសត្វព្រៃកែវសីមាដែលមានផ្ទុក ទៅដោយវត្ថុតាងបទល្មើសរួមមានរថយន្តប្រមាណជាង ៥០០គ្រឿង ម៉ូតូជិត ១ពាន់គ្រឿង រណារយន្ត ជាង ១ពាន់គ្រឿង អន្ទាក់ជាង ២ម៉ឺន ហើយឈើដែលរឹបអូសបានជាច្រើនដែលបានបន្សល់ទុកតាំងពីអំឡុងពេលនៃការគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មុននឹងផ្ទេរ មកស្ថិតក្រោមការគ្រប់គ្រងនិងអភិរក្សរបស់ក្រសួងបរិស្ថាននៅខែឧសភា ឆ្នាំ២០១៦។ តាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា វត្ថុតាងទាំងនេះបបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីមានសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិដែលបានកើតឡើង។

លោកបានលើកឡើងថា ដោយការខិតខំ ប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្សនៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ បទល្មើសធនធានធម្មជាតិទ្រុងទ្រាយធំលែងកើតមានទៀតហើយ តែនៅសល់បទល្មើសទ្រុងទ្រាយតូចដែលចាំបាច់សមត្ថកិច្ចជំនាញត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីទប់ស្កាត់និងបង្ក្រាបដើម្បីថែរក្សាធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃដែលកម្ពុជាមាន។

លោក នេត្រ ភក្ត្រា បានថ្លែងថា ដោយសារតែកត្តាសុខ សន្តិភាព កំណើនសេដ្ឋកិច្ចទើបបានផ្តល់ឱកាសដល់កម្ពុជាមានពេលវេលាគ្រប់គ្រាន់ដើម្បីគិតគូរពីការពារ និងអភិរក្សធនធានធម្មជាតិគ្រប់ជ្រុងជ្រោយ ហើយរហូតមកទល់ពេលនេះ បានធ្វើឱ្យការការពារនិងអភិរក្សធនធានធម្មជាតិកាន់តែមានភាពល្អប្រសើរដែលធ្វើឱ្យតំបន់ការពារធម្មជាតិខ្លះត្រូវបានវាយតម្លៃថាមាន សុវត្ថិភាពហើយឈានដល់ការលក់ឥណទានកាបូនទៅលើទីផ្សារស្ម័គ្រចិត្តអន្តរជាតិក្នុងនោះក៏មានដែន ជម្រកសត្វព្រៃកែវសីមាក្នុងខេត្តមណ្ឌលគិរីដែលបានលក់ឥណទានកាបូនតាំងពីឆ្នាំ ២០១៦មក៕