(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង បានប្រៀបប្រដូចអ្នកបើករថយន្ត ទៅនឹងអ្នកកាន់កាំភ្លើង ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ បានគ្រប់ពេលវេលា នៅពេលដែលពួកគេស្រវឹង ឬខ្វះស្មារតីប្រុងប្រយ័ត្ននៅក្នុងការបើកបរ។
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក នៅក្រសួងមហាផ្ទៃ កាលពីម្សិលមិញ។
សម្តេច ស ខេង បានលើកឡើងថា «យើងមានឡានមួយប្រៀបដូចអាវុធ១ដើម ឬក៏អាចថាមិនមែនត្រឹមអាវុធមួយដើមទៀត... បើយើងប្រើវាល្អ វានឹងមិនគ្រោះថ្នាក់ទេ ប៉ុន្តែបើមិនល្អគឺទៅបុកគេងាប់នោះ គឺមិនមែនត្រឹមកាំភ្លើងមួយដើមទេ កាំភ្លើង១គ្រាប់បាញ់ងាប់តែម្នាក់ទេ ប៉ុន្តែអា (ឡាន) នេះវាទៅបុកគេ ជួនអីរះអស់»។
ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានរឹតបន្តឹងខ្លាំងទៅលើអ្នកបើកបររថយន្ត ជាពិសេសអ្នកទទួលទានគ្រៀងស្រវឹង។ មាត្រាទី៧៧ នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានចែងថា ជនណាបើកបរយានយន្តនៅពេលដែលខ្លួនស្ថិតនៅក្នុងភាពស្រវឹង ដោយមានជាតិអាល់កុលចាប់ពី ០,៤០មីលីក្រាម ក្នុងមួយលីត្រខ្យល់ចាប់ពី០,៨០ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ៦ខែ និងពិន័យជាប្រាក់ ៨សែនរៀល ទៅ៤លានរៀល ។
ចំណែកមាត្រាទី៨៣ និង៨៥ តម្រូវឱ្យផ្តន្តាទោស១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១៥លានរៀល សម្រាប់អ្នកបើកបរដែលបណ្តាលឱ្យមានរបួស ដល់អ្នកដទៃច្រើននាក់ ឬបណ្តាលឱ្យមានមនុស្សស្លាប់៕