(ឧត្តរមានជ័យ)៖ អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី បានដាក់បទបញ្ជា និងក្រើនរំលឹកទៅដល់អជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់តាមក្រុង-ស្រុក ក្នុងខេត្ត ត្រូវបង្ក្រាបការជួញដូរ និងចែកចាយថ្នាំញៀន ឲ្យមានប្រសិទ្ធិភាព និងគ្មានការយោគយល់នោះឡើយ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈនៅឃុំបេង ស្រុកបន្ទាយអំពិល នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះលោក ស ថាវី បានថ្លែងថា គ្រឿងញៀនជាបញ្ហាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គមជាតិ នាពេលបច្ចុប្បន្ន។ លោកបានស្នើ សមត្ថកិច្ចទាំងអស់ពេលចេញ ប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន គួរបិទទូរស័ព្ទទាំងអស់គ្នា ចៀសវាងការបែកផ្ទៃក្នុង និងវប្បធម៌អន្តរាគមន៍។
លោកអភិបាលខេត្ត ក៏បានអំពាវនាវឲ្យអាណាព្យាបាលគ្រប់រូប ចូលរួមអប់រំកូនចៅឲ្យជៀសឆ្ងាយ ពីគ្រឿងញៀនផងដែរ។
ក្រៅពីការថ្លែងឲ្យបង្រ្កាបបទល្មើសគ្រឿងញៀនហើយនោះ លោក ស ថាវី ក៏បានទទូចដល់សមត្ថកិច្ច និងអាជ្ញាធរបង្កើនការធ្វើវេទិកាសាធារណៈ ដើម្បីស្វែងយល់ពីទុក្ខលំបាក និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ។
លោក ស ថាវី បានថ្លែងយ៉ាងដូច្នេះ «ក្នុងវេទិការសាធារណៈមួយប្រជាពលរដ្ឋ សំណូមពរសុំនេះសុំនោះ បើយើងដោះស្រាយ មិនបានតាមសំណូមពរទាំងស្រុង ក៏យើងអាចដោះស្រាយបានមួយចំនួនដែរ ចំណែកអាជ្ញាធរ បានដឹងពីតម្រូវការរបស់ប្រជាពលរដ្ឋតាមរយៈ វេទិការសាធារណៈនេះ ដូច្នេះបើយើងជួបគ្នាកាន់តែច្រើន ការអភិវឌ្ឍ ក៏កាន់តែច្រើនដែរ»។
ឈ្លៀតក្នុងឱកាសធ្វើវេទិកាសាធារណៈនេះ លោកអភិបាលខេត្ត បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ មិនទាន់បានធ្វើអត្តសញ្ញាណបណ្ណ័ ត្រូវ នាំគ្នាទៅធ្វើអត្តសញ្ញាណបណ្ណ័ឲ្យបានគ្រប់គ្នា បើគ្មានអត្តសញ្ញាណប័ណ្ណទេ គឺគ្មានសិទ្ធិបោះឆ្នោតឡើយ៕